ឃាត់ខ្លួនឃាតករចាក់សម្លាប់មិត្តភក្តិ នៅស្រុកមុខកំពូល ខេត្តកណ្តាល បានហើយ

96

កណ្តាល៖ ដោយប្រើរយៈពេលត្រឹម២ថ្ងៃ ប៉ុណ្ណោះ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានឃាត់ខ្លួនឃាតករចាក់សម្លាប់មិត្តភក្តិ នៅស្រុកមុខកំពូល ខេត្តកណ្តាល បានហើយ ឃាតកររូបនេះ ក៏ត្រូវបាន តុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ផងដែរ ។

ប្រតិបត្តិការចាប់ខ្លួនឃាតករបានដោយជោគជ័យ នេះ គឺ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និង ដោយមានការសម្រមសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ព្រមទាំងចុះដឹកនាំស្រាវជ្រាវផ្ទាល់ដោយលោក ទូច អ៊ី ណាន មេបញ្ជាការរងទទួលជំនាញ និង ចុះអនុវត្តស្រាវជ្រាវគ្រប់គោលដៅពាក់ព័ន្ធជាក់ស្តែងដោយលោក សឿ បញ្ញា ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកណ្តាល ។

សូមបញ្ជាក់ថា អំពើឃាតកម្ម នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ចំណុចផ្លូវ ២៦១ ស្ថិតក្នុងភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល និង ឃាត់ខ្លួនជនសង្ស័យបានថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ ង្វៀង ដាងជុង ភេទប្រុស ជនជាតិវៀតណាម អាយុ៤០ឆ្នាំ មុខរបរម៉ៅការសំណង់ បច្ចុប្បន្នស្នាក់នៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទីកន្លែងកំណើត ឃុំព្រែកខ្សាយ (ខ) ស្រុកពារក៍ ខេត្តព្រៃវែង។

ជនសង្សយ័ឈ្មោះ ស្រេង តាយ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិ៦ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ។

បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រាប់ CPC NEWS អោយដឹងថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុជនរងគ្រោះបានទូរស័ព្ទហៅរូបគេទៅជួបគ្នាមើលការងារសំណង់នៅភ្នំពេញ លុះដល់ថ្ងៃត្រង់ជនសង្ស័យក៏បានជិះរថយន្តឈ្នួលចេញពីផ្ទះក្នុងខេត្តព្រៃវែង ទៅម្តុំផ្សារច្បារអំពៅ ដោយយកកូនកាំបិតចុងស្រួចដងជ័រពណ៌លឿង១ដើមទុកក្នុងហោប៉ៅខោទៅជាមួយ ក្នុងគោលបំណងចាក់ជនរងគ្រោះ ព្រោះធ្លាប់កុហក់ខ្លួនច្រើនដងមកហើយ ធ្វើឲ្យខាតពេលវេលា និងអស់សោហ៊ុយជាច្រើន ដង ។

ពេលទៅដល់ផ្សារច្បារអំពៅ ជនសង្ស័យ បានទូរស័ព្ទទៅជនរងគ្រោះជាច្រើនដងឲ្យទៅយកខ្លួន តែជនរងគ្រោះជាប់រវល់លេងអុក ដោយប្រាប់ថាឲ្យចាំមួយភ្លែតៗរហូតដល់វេលាល្ងាចទើបទៅជួបគ្នា ហើយជនសង្ស័យក៏មានចិត្តខឹងជាខ្លាំង រួចហើយជនរងគ្រោះបានដឹកជនសង្ស័យទៅមើលកាងារ ជិះតាមផ្លូវជាតិលេខ 6A និងបន្តចូលទៅជិតដល់កន្លែងកើតហេតុក៏មានភ្លៀង រួចក៏បាននាំគ្នាចូលទៅអង្គុយនៅហាងជិតនោះ និងបានហៅស្រាបៀរផឹកមួយសន្ទុះ អស់ចំនួនកន្លះកេស។

ពេលនោះជនសង្ស័យបានឲ្យជនរងគ្រោះទាក់ទងទៅគេ ដែលហៅមកមើលការងារនោះ តែជនរងគ្រោះបែជាទូស័ព្ទទៅប្រាប់គេថា មេឃភ្លៀងហើយយប់ងងឹតទៀតមិនបានទៅជួបទេ។ ជនសង្ស័យបាននិយាយថា ជនរងគ្រោះនិយាយកុហក់ ហើយបានឈ្លោះប្រកែកគ្នា រួចគិតលុយចេញដំណើរទៅទៀត ដោយជនរងគ្រោះជាអ្នកឌុប និងប្រាប់ជនសង្ស័យឲ្យទៅដេកនៅផ្ទះខ្លួននៅម្តុំស្ទឹងមានជ័យសិនទៅ ស្អែកចាំមកជួបគេនិយាយការងារទៀត។

ពេលកំពុងជិះម៉ូតូនោះជនសង្ស័យនិងជនរងគ្រោះនៅតែបន្តប្រកែកគ្នា ស្របពេលជនរងគ្រោះចង់ឈប់ចុះនោមសិន ក៏បង្អង់ម៉ូតូរៀបនឹងឈប់ដាក់ចន្ទល់ ក៏ស្រាប់តែជនសង្ស័យបានយកកូនកាំបិតចុងស្រួចដែលទុកក្នុងហោប៉ៅខោ ដកចេញធ្វើសកម្មភាពចាក់ខ្នងជនរងគ្រោះពីក្រោយ១កាំបិត ។

ភ្លាមនោះជនរងគ្រោះបានតបតទៅវិញដោយយកមួកសុវត្ថិភាពដេញវាយជនសង្ស័យ ហើយជនសង្ស័យក៏បានរត់តែជនរងគ្រោះនៅតែបន្តដេញ ជនសង្ស័យក៏បានបែរមកចាក់ជនរងគ្រោះត្រូវ១កាំបិតទៀតចំទ្រូងខាងឆ្វេង និងចាក់លើខ្នងជាច្រើនកាំបិតបន្ថែមបណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែង រួចជនសង្ស័យបានលើកម៉ូតូជនរងគ្រោះជិះចេញទៅ និងបានបោះកូនកាំបិតចោលនៅជិតកន្លែងកើតហេតុ រួចយកម៉ូតូជនរងគ្រោះជិះតាមផ្លូវជាតិលេខ 6A ឡើងផ្លូវជាតិលេខ 8 ឆ្ពោះទៅផ្ទះរបស់ខ្លួននៅស្រុកពាមរក៏ ខេត្តព្រៃវែង និងឈប់កាច់ស្លាកលេខម៉ូតូចោលតាមផ្លូវ (មិនចាំកន្លែង) ដោយខ្លាចបែកការណ៍រូបគេក៏យកម៉ូតូទៅរុញទំលាក់ចោលក្នុងទឹកស្រះស្ថិតនៅវត្តមួយ ស្ថិតក្នុងភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ហើយខ្លួនក៏បានទៅចូលរួមបុណ្យសពជនរងគ្រោះដែលជាមិត្តភក្តិ រស់នៅភូមិជាមួយគ្នានៅថ្ងៃបន្ទាប់ ដោយធ្វើខ្លួនជាធម្មតាដើម្បីកុំឲ្យគេសង្ស័យ តែត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនបានតែម្តង ៕

Turbo tech solutions