កំពុងតែនាំគ្នាអង្គុយហូបបបរសុខៗ ស្រាបតែបាក់ជញ្ជាំងការដ្ឋានសំណង់ផ្ទះល្វែងមកលើ សំណាងហើយ ដែលមិនគ្រោះថ្នាក់ដល់ជីវិត!

49

ភ្នំពេញ: បាក់ជញ្ជាំងការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែង ដែលកំពុងសាងសង់បានធ្លាក់មកលើសំយ៉ាបផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យបុរសម្នាក់រងរបួសដៃម្ខាង ខណ:កំពុងអង្គុយហូបបបរលើគ្រែជុំគ្នា៣នាក់ ចំណែកសំយ៉ាបផ្ទះរងការខូចខាតមួយចំហៀងធំ។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៨ យប់ថ្ងៃទី២០ ខែតុលាឆ្នាំ ២០២១ នៅចំណុចការដ្ឋានសាងសង់ផ្ទះល្វែងមួយកន្លែង នៅខាងក្រោយខារ៉ាអូខេចំការននោង តាមបណ្ដោយផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់មានគ្នា៣នាក់ នាំគ្នាអង្គុយហូកបបរនៅលើគ្រែក្រោមសំយ៉ាបខាងមុខផ្ទះ លុះដល់ម៉ោងកើតហេតុក៏បានឮសូរសំឡេងប៉្រាវមកលើសំយ៉ាបផ្ទះ ហើយនាំគ្នាស្ទុះរត់ចែកជើងគ្នាចេញពីកន្លែងកើតហេតុ និងបណ្តាលឲ្យរូបគាត់រងរបួសត្រូវដៃខាងស្តាំ ចំណែក២នាក់ទៀត មិនមានរងរបួសទេ បន្ទាប់មកក៍នាំគ្នាពិនិត្យមើល ឃើញសុទ្ធតែដុំឥដ្ឋ ដែលបាក់ធ្លាក់ចេញពីជញ្ជាំង ផ្ទះល្វែងកំពុងសាងសង់នៅជាន់ទី៣ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យនៅកន្លែងកើតហេតុភ្លាមៗ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុ និងបានពិនិត្យមើល រួចបានហៅភាគីទាំងសងខាងមកសួរនាំ និងធ្វើកំណត់ហេតុដើម្បីរង់ចាំភាគីទាំងពីរសម្របសម្រួលគ្នាបន្ត នាពេលក្រោយ៕

Turbo tech solutions