អគ្គិសនី​កម្ពុជា បាន​ប្រកាស​ឱ្យ​ដឹង​ថាខណ្ឌ​ចំនួន​១១ នឹង​មាន​បញ្ហា​ដាច់​ភ្លើង ៣ ឬ ៤ ថ្ងៃ​ជាប់​ៗ​គ្នា ​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៤ ខែតុលា ​

72

​ភ្នំពេញ៖ អគ្គិសនី​កម្ពុជា ហៅ​កាត់​ថា EDC បាន​ប្រកាស​ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់ មាន​ខណ្ឌ​ចំនួន​១១ នឹង​មាន​បញ្ហា​ដាច់​ភ្លើង ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៤ ខែតុលា ដោយ​ក្នុង​នោះ​តំបន់​ខ្លះ​នៃ​ខណ្ឌ​មួយ​ចំនួន នឹង​ប្រឈម​ការ​រអាក់រអួល​ភ្លើង ៣ ឬ ៤ ថ្ងៃ​ជាប់​ៗ​គ្នា​តែ​ម្តង ចន្លោះ​ពី​ម៉ោង​៨​ព្រឹក រហូត​ដល់​៤​ល្ងាច ខណៈ​តំបន់​ខ្លះ​នឹង​មាន​បញ្ហា​ដាច់​ភ្លើង​ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១​ថ្ងៃត្រង់ ។

ជុំវិញ​ការ​ជូនដំណឹង​អំពី​ការ​រអាក់រអួល​ផ្គត់ផ្គង់​ភ្លើង ក៏​ចោទ​ជា​បញ្ហា​ដល់​ពលរដ្ឋ និង​សិ​ស្សា​-​នុ​សិស្ស និង​អ្នកធ្វើការ​ពី​ចម្ងាយ (​សិក្សា និង​ធ្វើការ​អន​ឡាញ​) ប្រឈម​មុខ​នឹង​បញ្ហា ដោយសារ​តែ​ការ​សិក្សា និង​ការ​ធ្វើការ​ពី​ចម្ងាយ​ទាមទារ​ឱ្យ​ថាមពល ត្រូវ​មាន​ស្ថេ​រ​ភាពល្អ ខណៈ​មាន​និស្សិត​ខ្លះ​បាន​ចូល​ខម​មិន​លើ​ផេ​ក​របស់ EDC ថា ដាច់​ភ្លើង​ចំ​ពេល​គាត់​ប្រឡង ធ្វើ​ឱ្យ​គាត់​មិន​អាច​បញ្ជូន​ឯកសារ​ប្រឡង​បានជា​ដើម​។

យ៉ាងណាមិញ យោង​តាម​សេចក្តីជូនដំណឹង​របស់ ECD ចុះ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ ២០២១ នេះ​បាន​បញ្ជាក់​ថា ដោយសារ​តែ​ការ​អនុវត្ត​ការងារ​ជួសជុល ផ្លាស់​ប្តូរ​តម្លើង​បរិក្ខារ​នានា និង​រុះរើ​គន្លង​ខ្សែបណ្តាញ​អគ្គិសនី​របស់​អគ្គិសនី​កម្ពុជា ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២១ នៅ​តំបន់​មួយ​ចំនួន​ទៅ​តាម​ពេលវេលា និង​ទីកន្លែង​ផ្សេង​ៗ​គ្នា ។

អគ្គិសនី​កម្ពុជា បាន​បកស្រាយ​ថា «​ទោះជា​មានការ​ខិតខំ​ថែរក្សា​មិន​ឲ្យ​មានការ​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ធំដុំ ប៉ុន្តែ​ការ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​នៅ​តំបន់​ខាងលើ​អាច​នឹង​មានការ​រអាក់រអួល​ខ្លះ​ៗ​ជៀស​មិន​ផុត​ដែល​យើងខ្ញុំ​ស្នើ​សុំ​អភ័យទោស​ទុកជា​មុន»។

បើ​តាម​ការ​ជូនដំណឹង​អំពី​ការ​រអាក់រអួល​ក្នុង​ការ​ផ្គត់ផ្គង់​ភ្លើង​រយៈពេល ៤ ថ្ងៃ នេះ គឺ​គេ​សង្កេត​ឃើញ​តំបន់​ខ្លះ​នៅ​ក្នុង​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ នឹង​ដាច់​ភ្លើង ដល់​ទៅ ៤ ថ្ងៃ​ចន្លោះ​ម៉ោង​៨ ព្រឹក​ដល់​៤​ល្ងាច និង​ខណ្ឌ​សែន​សុខ នឹង​មាន​បញ្ហា​រអាក់រអួល​ភ្លើង ៣​ថ្ងៃ​ផង​ដែរ ខណៈ​ខណ្ឌ​ផ្សេង​ទៀត នឹង​មាន​បញ្ហា​ថាមពល​អគ្គិសនី​រអាក់រអួល​ត្រឹម ២ ថ្ងៃ​អី​តែ​ប៉ុណ្ណោះ​។

សូម​អាន​សេចក្តីជូនដំណឹង​លម្អិត​អំពី​ម៉ោង ទីតាំង នៃ​ការ​រអាក់រអួល​ភ្លើង​ក្នុង​ខណ្ឌ​ទាំង ១១ ចាប់ពី​ថ្ងៃ​ទី ២១ ដល់​ថ្ងៃ​ទី ២៤ ខែតុលា ឆ្នាំ ២០២១ នេះ ៖

Turbo tech solutions