ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសអោយបើកសាលាគ្រប់កម្រិតទូទាំងប្រទេសឡើងវិញ ចាប់ពីខែវិច្ឆិកា នេះទៅ

70

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសថ្មីមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ដោយប្រកាសពីការបើកដំណើរការគ្រឹះស្ថានអប់រំសាធារណៈ និងឯកជនគ្រប់កម្រិតឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ ទូទាំងប្រទេស ដោយ បានសង្កេតឃើញថា៖

១.គ្រឹះស្ថានសិក្សាប្រមាណ ៣០ ភាគរយបានចាប់ដំណើរការតាមគ្រប់រូបភាព ស្របតាមសេចក្តីណែនាំ,

២. ការចូលរួមតាមគ្រប់រូបភាពពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាដំណើរការអប់រំប្រកបដោយសុវត្ថិភាព និងប្រុងប្រយ័ត្ន,

៣. ការបើកដំណើរការគ្រឹះស្ថានសិក្សាបានផ្តល់លទ្ធភាពឱ្យយើងអាចធ្វើតេស្ត និងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ទាំងលើបុគ្គលិកអប់រំ និងសិស្សានុសិស្សមួយចំនួនតូច ហើយបានចាត់ចែងព្យាបាលទាន់ពេលវេលា និងទប់ស្កាត់ កាត់ផ្តាច់ការឆ្លងរាលដាលបានល្អប្រសើរ,

៤. ករណីវិជ្ជមានកូវីដ-១៩ លើគ្រូបង្រៀន និងសិស្សានុសិស្ស ក្នុងរយៈពេល៧ថ្ងៃមុនបុណ្យភ្ជុំបិណ្ឌ និងរយៈពេល៧ថ្ងៃ ក្រោយថ្ងៃភ្ជុំបិណ្ឌ មានចំនួនតិចតួច និងអាចគ្រប់គ្រងបាន។ ម្យ៉ាងវិញទៀត មាតាបិតា អ្នកអាណាព្យាបាល គ្រូបង្រៀន និងសិស្សានុសិស្ស និស្សិតបានទទួលវ៉ាក់សាំងការពារកូវីដ-១៩ ក្នុងអត្រាខ្ពស់។

«ឈរលើមូលដ្ឋាននេះ ដើម្បីឈានទៅដំណើរការអប់រំតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងនឹងពង្រីកវិសាលភាពនៃការបង្រៀននិងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅគ្រប់កម្រិត ក្នុងភូមិសាស្រ្តទូទាំងរាជធានី ខេត្តទាំងអស់។ ការពង្រីកវិសាលភាពនេះ រួមបញ្ចូលទាំង ការពង្រីកពីកម្រិតថ្នាក់ទី៩ និងទី១២ រហូតដល់គ្រប់កម្រិតថ្នាក់នៅមធ្យមសិក្សា និងការពង្រីកវិសាលភាពដល់កម្រិតបឋមសិក្សា, គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន, វិទ្យាស្ថានជាតិអប់រំ, វិទ្យាស្ថានបច្ចេកវិទ្យា, គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ, គ្រឹះស្ថានសិក្សាអប់រំពិសេស, សាលាអនុវត្តន៍ និងវិទ្យាល័យចំណេះទូទៅនិងអប់រំបច្ចេកទេស ដោយគោរពតាមយ៉ាងខ្ជាប់ខ្ជួននូវបទដ្ឋានសុខាភិបាលជាធរមាន»។

សូមអានសេចក្តីជូនដំណឹងនៅខាងក្រោម៖

Turbo tech solutions