សម្តេចតេជោ ហ៊ុន សែន បានសម្រេចថាចាប់ពីពេលនេះទៅនៅពេលមានការឆ្លងជំងឺកូវីដ-១៩ មិនមានការបិទសាលារៀន ផ្សារ រោងចក្រ នឹងកន្លែងផ្សេងៗទៀតទេ

73

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីបានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន នាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តទៅលើរបៀបវារៈសំខាន់ៗមួយចំនួន ដែលក្នុងនោះក៏មានសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ផងដែរ។

របៀបវារៈសំខាន់ៗទាំងនោះរួមមាន ១- សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២២។ ២- សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ ៣- បញ្ហាផ្សេងៗ សំណើរសុំការយោគយល់ពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។

ឆ្លៀតនាឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីពេលនេះទៅ នៅពេលមានការឆ្លងជំងឺកូវីដ-១៩ មិនមានការបិទសាលារៀន ផ្សារ រោងចក្រ នឹងកន្លែងផ្សេងៗទៀតទេ ទោះបីមានការឆ្លងក្នុង សាលារៀន ផ្សារ រោងចក្រ នឹងកន្លែងផ្សេងៗ ។

សម្តេចតេជោ បានបញ្ជាក់ថា ក្នុងករណីមានការឆ្លងក្នុង សាលារៀន ផ្សារ រោងចក្រ នឹងកន្លែងផ្សេងៗ ត្រូវយកអ្នកជំងឺដែលឆ្លងទៅព្យាបាលនៅមន្ទីរពេទ្យ៕

ប្រភព៖ ក្រសួងព័ត៌មាន

Turbo tech solutions