ប្រធានគ.វ.ក១៩ បានបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ២សប្តាហ៍ទៅមុខទៀត នឹងសម្រេចបាននូវគោលដៅ ១០លាននាក់ សម្រាប់ក្រុមអាយុ ១៨ឆ្នាំឡើង

57

កំពត៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ថ្លែងនៅក្នុងឱកាសចុះបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅខេត្តកំពត នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ២សប្តាហ៍ទៅមុខទៀត កម្ពុជានឹងសម្រេចបាននូវគោលដៅ ១០លាននាក់ សម្រាប់ក្រុមអាយុ ១៨ឆ្នាំឡើង គឺស្មើនឹង ១០០ភាគរយ នៃផែនការ ក្នុងករណីដែលចំនួនបងប្អូនប្រជាពលរដ្ឋនៅតែបន្តមកចាក់ក្នុងរង្វង់ពី ៣ ០០០នាក់ ទៅ ៤ ០០០នាក់ ជាប្រចាំថ្ងៃជាបន្តបន្ទាប់ដូចប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

លោកជំទាវ បានគូសបញ្ជាក់បន្ថែមថា ៖ “ចំពោះតួលេខគោលដៅដែលមានអាយុ ១៨ឆ្នាំឡើង ចំនួន ១០លាននាក់នេះ គឺយើងផ្អែកទៅលើការប៉ាន់ស្មាន និងការធ្វើការជំរឿនបែបប្រជាសាស្រ្ត នៅក្នុងឆ្នាំ២០១៩ ដូច្នេះហើយ យើងមិនបានរាប់បញ្ចូលទៅដល់បងប្អូនប្រជាពលរដ្ឋដែលគាត់បានចល័តទៅធ្វើការនៅក្រៅប្រទេសនោះទេ ក្នុងនោះក៏មានបងប្អូនដែលមានបញ្ហាសុខភាពផ្សេងៗនៅពេលដែលពួកគាត់ទៅចាក់ ហើយគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ រួមជាមួយនឹងបងប្អូនដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ដែលក្នុងរយៈពេល ៤ខែបន្ទាប់ពីជាសះស្បើយ ទើបអាចចាក់វ៉ាក់សាំងបាន”។

ហេតុដូច្នេះហើយការងារចាក់វ៉ាក់សាំងសម្រាប់ក្រុមអាយុ១៨ឆ្នាំឡើងនេះ នឹងឈានទៅបិទបញ្ចប់ក្នុងពេលដ៏ឆាប់ខាងមុខនេះ ដោយនៅពេលនេះមានប្រជាពលរដ្ឋប្រមាណតែ៤ម៉ឺននាក់ប៉ុណ្ណោះមិនទាន់បានទទួលវ៉ាក់សាំង។ ដោយឡែកការងារនេះ បានទទួលជោគជ័យមកដល់ពេលនេះ គឺមិនអាចខ្វះបាននោះទេនូវ ការដឹកនាំ ការដាក់ចេញនូវយុទ្ធសាស្រ្តចាក់វ៉ាក់សាំងបែបផ្ការីក ការមានកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសនានា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការចូលរួមក្នុងយុទ្ធនាការនេះ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន អាជ្ញាធរដែនដី ក្រុមគ្រូពេទ្យ-ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក្រុមគ្រូពេទ្យក្រសួងការពារជាតិ និងការចូលរួមយ៉ាងផុសផុលរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីនៅក្នុងប្រទេស ក្នុងការស្ម័គ្រចិត្តមកទទួលវ៉ាក់សាំងនេះផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ សម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង សម្រេចចាក់ដូសទី១ បានចំនួន ៩ ៩៦៧ ០៣៩ នាក់ និងអ្នកបានចាក់ដូសទី២ បានចំនួន ៩ ៦១៧ ៦៦១ នាក់ ដែលស្មើនឹង ៩៩.៦៧% នៃប្រជាជនគោលដៅសរុប ១០លាននាក់។ សម្រាប់ក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ សម្រេចចាក់ដូសទី១ បានចំនួន ១ ៧៨០ ៧០៧ នាក់ និងអ្នកចាក់ដូសទី២ បានចំនួន ១ ៦៨៦ ១៨១ នាក់ ដែលស្មើនឹង ៩០.៥៣% នៃក្រុមគោលដៅសរុបជិត ០២លាននាក់។

ជាមួយគ្នាដែរ ចំពោះក្រុមកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ សម្រេចចាក់ដូសទី១ បានចំនួន ១ ៨៩៥ ៦៦៩ នាក់ និងចាក់ដូសទី២ បានចំនួន ១ ៥៩៨ ៤២០ នាក់ ដែលស្មើនឹង ៩៩.៩១% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ ដោយឡែក សម្រាប់អ្នកចាក់ដូសទី៣វិញ បានចំនួន ១ ៥៩៣ ៣២៤ នាក់ ហើយបើប្រៀបធៀបនឹងប្រជាជនសរុប ១៦លាននាក់ ការងារចាក់វ៉ាក់សាំងសម្រេចបាន ៨៥.២៧%៕

ប្រភព៖ ក្រសួងព័ត៌មាន​

Turbo tech solutions