កម្ពុជាទទួលបានវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ផលិតនៅចិន ជាង១២ម៉ឺន ដូសតាមរយៈយន្តការកូវ៉ាក់

53

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ ផលិតនៅប្រទេសចិន ចំនួនជាង១២ម៉ឺនដូសបន្ថែមទៀត​ តាមរយៈយន្តការកូវ៉ាក់ កាលពីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលបានអញ្ជើញទៅទទួលវ៉ាក់សាំងបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាទទួលបានវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ចំនួន១២៤៨០០ដូសទៀតនេះ តាមរយៈយន្តការកូវ៉ាក់ របស់អង្គការសុខភាពពិភពលោក។ លោកជំទាវ យក់ សម្បត្តិបានសម្តែងការអរគុណចំពោះរដ្ឋាភិបាលចិន និងអង្គការសុខភាពពិភពលោកដែលបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ដល់ប្រទេសកម្ពុជា។ គួរបញ្ជាក់ថា កម្ពុជាបាននិងកំពុងតែប្រើប្រាស់វ៉ាក់សាំងចិន ប្រភេទស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ច្រើនលើសលប់ ក្នុងការចាក់ជូនដល់ប្រជាពលរដ្ឋ។

គិតត្រឹមយប់ថ្ងៃទី២២ ខែតុលា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជាមាន ៩៩,៧១% ហើយធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំទៅក្រោម ១៨ឆ្នាំ មាន ៩០,៥៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ជិត២លាននាក់និងលើកុមារអាយុពី ០៦ឆ្នាំដល់ក្រោម ១២ឆ្នាំ មានជាង១០០ %ធៀបជាមួយនឹងប្រជាជនគោលដៅជិត១.៩លាននាក់៕

ប្រភព៖ ក្រសួងព័ត៌មាន

Turbo tech solutions