អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ការពារឱ្យបានរាល់សកម្មភាព ការវាយកំទេចនិងបំផ្លាញ សំណង់អគារបេតិកភណ្ឌនៅក្នុងមូលដ្ឋាន

67

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ការពារឱ្យបាននូវការវាយកំទេចនិងបំផ្លាញ សំណង់អគារបេតិកភណ្ឌនៅក្នុងមូលដ្ឋានរបស់ខ្លួន ខណៈ សំណង់អគារបេតិកភណ្ឌទាំងនេះ ត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសារាចរលេខ០៨ សរ ចុះថ្ងៃទី១២ របស់រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ។

ការជំរុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា បើកកិច្ចប្រជុំនេះឡើង គឺដើម្បីឱ្យអាជ្ញាធរដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ អនុវត្តឱ្យបាននូវសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់ការវាយកំទេចនឹងការបំភ្លេចបំផ្លាញសំណង់អគារបេតិកភណ្ឌដោយស្មារតីទទួលខុសត្រូវខ្ពស់ ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ផងដែរថា ក្រោយកិច្ចប្រជុំនេះ យើងនឹងបង្កើតឱ្យមានក្រុមការងារមួយ ចុះពិនិត្យនិងស្រង់ស្ថិតិ អគារបេតិកភណ្ឌដែលមាននៅក្នុងរាជធានីភ្នំពេញទាំងអស់។ ក្រោយមកទៀតយើងនឹងប្រគល់អគារបេតិកភណ្ឌទាំងនោះ ទៅឱ្យអាជ្ញាធរខណ្ឌធ្វើការគ្រប់គ្រងបន្ត។ ការធ្វើបែបនេះ ទើបយើងអាចរក្សាអគារបេតិកភណ្ឌទាំងនេះបានគង់វង្ស។ បើយោងតាមរយៈសារាចរលេខ០៨ សរ ចុះថ្ងៃទី១២ របស់រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ មានន័យថា ដើម្បីឱ្យការងារអភិរក្សតំបន់បេតិកភណ្ឌទីក្រុង ដែលមានសំណង់អគារសាសនាផ្សេងៗ សំណង់សាធារណៈ សំណង់ឯកជន ភូមិដ្ឋាន និងផ្ទះបុរាណ ស្របតាមច្បាប់ស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៦ ចុះថ្ងៃទី២៥ ខែមករាឆ្នាំ១៩៩៦ រាជរដ្ឋាភិបាលបានហាមឃាត់ចំពោះការកែប្រែ ការប្ដូររូបរាងខាងក្រៅ ឬធ្វើឱ្យខូចខាតសោភ័ណ ភាពចំពោះសំណង់នៃតំបន់បេតិកភណ្ឌទីក្រុង។

ទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់បុរាណ និងសំណង់ អគារបេតិកភណ្ឌ ដើម្បីការពារឱ្យបានគង់វង្ស។ បញ្ឈប់ជាបន្ទាន់ចំពោះការបំផ្លាញអគារបេតិកភណ្ឌក្នុងតំបន់ការពារនិងក្រៅតំបន់ការពារដោយផ្ដោតលើយុទ្ធសាស្ត្រ គោលនយោបាយ និងផែនទីចង្អុលបង្ហាញដើម្បីជំរុញការអភិរក្សនិងការអភិវឌ្ឍទីក្រុងបេតិកភណ្ឌប្រកបដោយនិរន្តរភាព។ សំណង់អគារបេតិកភណ្ឌដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោលត្រូវស្នើសុំការពិនិត្យ និងសម្រេច ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន៕

ប្រភព៖ ក្រសួងព័ត៌មាន

Turbo tech solutions