នគរបាលខណ្ឌពោធិ៍សែនជ័យក្របួចមុខសញ្ញាជំនាញខាងកាច់កម៉ូតូម្នាក់ ផ្អើលទាំងព្រឹក

116

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នា៣នាក់ ជាមុខសញ្ញាសកម្មលួច កាច់កម៉ូតូ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបចាប់ខ្លួនបានម្នាក់ បក្ខពួក២នាក់ទៀតរត់គេចខ្លួន ក្រោយធ្វើសកម្មភាពលួចម៉ូតូ ហុងដាឌ្រីមមួយគ្រឿងបានសម្រេចហើយ ជិះរត់មិនរួច។សមត្ថកិច្ចចាប់ក្របួចជាប់ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមិ     ទួលពង្រ សង្កាត់ចោមចីទី១ ដេញចាប់បាននៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានម្នាក់ មានឈ្មោះ ភី ណារាជ្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត នៅខណ្ឌទួលគោក ។  ចំណែកជនរងគ្រោះ ឈ្មោះ អ៊ឹម ចាន់ស៊ី ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅ ផ្ទះជួល ក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ភូមិទួលសំណាង ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ម៉ូតូដែលជនសង្ស័យលួចយក ម៉ាកហុងដាសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1J-2433 ។

បើតាមជនរងគ្រោះ មុនកើតហេតុ ខណៈដែលគាត់បានជិះម៉ូតូទៅដូរកំប៉ុងហ្គាសចតម៉ូតូទុកក្រោយខ្នង ភ្លេចខ្លួន ស្រាប់តែជនសង្ស័យម្នាក់ដើរមកហក់ឡើងជិះបើករត់គេច ទើបស្រែកឆោឡោ នាំគ្នាដេញតាម។ ដោយស្ថានភាពផ្លូវកកស្ទះ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោផ្តួលម៉ូតូរត់គេចខ្លួន ផ្អើលទាំងកម្លាំងសមត្ថកិច្ច ដេញតាមរហូតដល់ដីវាល ក្នុងភូមិត្រពាំងថ្លឹង១ ទើបចាប់ខ្លួនបានម្នាក់ ។
តាមចម្លើយសារភាពបានឲ្យដឹងថា ជនសង្ស័យ និងបក្ខពួក កាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ធ្វើសកម្មភាពកាច់សោក ម៉ូតូមន្ត្រីនគនរបាលខណ្ឌពោធិ៍សែនជ័យបានមួយគ្រឿង លុះនៅព្រឹកថ្ងៃ១១ ខែវិច្ឆិកា នេះ ពួកគេទាំង៣នាក់ ជិះម៉ូតូ ទៅភូមិទួលពង្រ ឃើញឱកាសល្អ ចុះទៅលួចម៉ូតូ បានសម្រេចហើយ តែគេចមិនរួច កម្លាំងសមត្ថកិច្ចចាប់ខ្លួនបាន ចំណែក២នាក់ទៀតជិះម៉ូតូគេចទៅបាត់ស្រមោល ។
ក្រោយចាប់ខ្លួនជនសង្ស័យបានម្នាក់ នាំយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ និងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកបន្ថែមទៀត ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់វិញហើយ ៕
Turbo tech solutions