បុរសជាមន្ត្រីនគរបាលម្នាក់ ត្រូវរថយន្តបែនដឹកខ្សាច់បើកបុកបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

96

ភ្នំពេញ៖ បុរសជាមន្ត្រីនគរបាលម្នាក់បានស្លាប់ ខណៈកំពុងជិះម៉ូតូត្រូវបានរថយន្តបែនដឹកខ្សាច់បើកបុកពីក្រោយពេញទំហឹង កាលពីវេលាម៉ោង ១០ និង៤០នាទីយប់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវ៦០ម៉ែត្រក្នុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះ មានឈ្មោះ ស្រេង សំណាង ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរជាមន្ត្រីនគរបាល មានឋានន្តរសក្តិអនុសេនីយ៍ឯក និងមានតួនាទីជានាយរងផ្នែកថែរក្សា ហើយមានស្រុកកំណើត នៅស្រុកលើកដែក ខេត្តកណ្តាល។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូម៉ាក Fino ពណ៌ផ្កាឈូក  លាយស ពាក់ស្លាកលេខ ភ្នំពេញ 1S 6793 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង។

ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបែនដឹកខ្សាច់ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខត្បូងឃ្មុំ 3A 0858 ធ្វើដំណើរក្នុងល្បឿនលឿនមកពីក្រោយ ហើយជ្រុលចង្កូតបុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះដួលបោកទៅនឹងថ្នល់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។ ភ្លាមនោះរថយន្តបង្ក បានបើកទៅមុខបានប្រហែល ១៥០ម៉ែត្រ ក៏ឈប់រថយន្តហើយចុះគេចខ្លួនបាត់ទៅ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ មកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយពេក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Turbo tech solutions