ឃើញ​គេ​ឌុ​ប​សង្សារ ខឹងពេកស្ទុះទៅផ្ទះយក​ដាវ​មក​ដេញ​កា​​ប់ផ្អើល​ស្តុ​ប​នាគ​បាញ់​ទឹក​សួនច្បារ​វត្ត​បទុម​វ​តី

120

ភ្នំពេញ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់បាន​ខឹង​យុវជន​ម្នាក់​ទៀត​ដែល​ជិះ​ម៉ូតូឌុប​សង្សារ​របស់​ខ្លួន ក៏​ស្រាប់តែ​ជិះ​ម៉ូតូ​ទៅ​ផ្ទះរួច​យក​ដាវ​មក​ដេញ​កា​​ប់​តែ​ម្តង ក្រោយមក​ជន​បង្ក​ក៏​ជិះ​ម៉ូតូ​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​កំពុង​តែ​ឈប់​ធ្វើ​ឲ្យ​ដួល ដោយសារ​ភ័យ​ពេកជន​បង្ក​ក៏​រត់​ទៅ​ពួន​សម្ងំ​ក្នុង​បន្ទប់ទឹក តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាមបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ ​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សុរា​ម្រិ​ត កែង​ផ្លូវ​សម្តេច​សុធារស ត្រង់​ចំណុច​ស្តុ​ប​នាគ​បាញ់​ទឹក ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

ប្រភពប្រាប់មក​ថា ជន​បង្ក​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នោះ​មានឈ្មោះ ស៊ុន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​បុគ្គលិក​ណេ​ត ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​មិត្ត​ជន​បង្ក​បាន​ប្រាប់​អោយ​ដឹង​ថា មូលហេតុ​ដែល​ជន​បង្ក​ដេញ​កា​​ប់​ក្រុម​ក្មេង​ទំនើង​ម្ខាង​ទៀត ដោយសារ​តែ​ខឹង​ភាគី​ម្ខាង​ទៀត​ជិះ​ម៉ូតូឌុប​សង្សារ​របស់​ខ្លួន។ ហើយ​មុន​ពេល​កើតហេតុ ជន​បង្ក​គឺ​បានឃើញ​សង្សារ​របស់​ខ្លួន​ជិះ​ម៉ូតូ​ជាមួយ​ប្រុស​ផ្សេង​ឌុ​ប​គ្នា​ដើរ​លេង​នៅ​ក្នុង​កោះ​ពេជ្រ​។

ប្រភព​ដដែលបាន​បន្ត​ថា ដោយ​ឃើញ​ដូច្នោះធ្វើ​អោយ​ជន​បង្ក​ខឹង​ក៏​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FO-9655 ទៅ​យក​ដាវ​សម្រាប់​ឡើងអ្នកតា​ចិន​នៅផ្ទះ រួច​ត្រឡប់​មក​កោះ​ពេជ្រ​វិញ និង​បាន​ដេញ​កា​ប់​ភាគី​ម្ខាង​ទៀត​ដែល​ឌុ​ប​សង្សារ​ខ្លួន ផ្អើល​ពេញ​ក្នុង​កោះ​ពេជ្រ​តែ​ម្តង ធ្វើ​អោយ​ជន​រង​គ្រោះភ័យ​រួច​ក៏​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ចេញពី​កោះ​ពេជ្រ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​តែ​ម្តង​។

ប្រភព​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​មក​ដល់​ចំណុច​ស្តុ​ប​នាគ​បាញ់​ទឹក ជន​បង្ក​ជិះ​ម៉ូតូ​លឿន​ពេក ក៏​បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​អ្នក​ធ្វើ​ដំណើរ​ពីក្រោយ​ដែល​កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ហើយ​ពេល​នោះ អ្នក​ដែល​រង់ចាំ​ភ្លើងស្តុប​នោះ​បាន​រត់​ចែក​ជើង​គ្នា​ព្រាត​តែ​ម្តង ប៉ុន្តែ​មិន​មាន​រង​របួស​នោះ​ទេ ។ ក្នុង​ពេល​នោះ​ដែរ គេ​ក៏​ឃើញ​យុវជន​បង្ក​កាន់​ដាវ​មួយ​ដើម រត់​ចូល​ទៅ​សម្ងំ​ក្នុង​បន្ទប់ទឹក​ភោជនីយដ្ឋាន​នៅ​ក្បែរ​នោះ ដើម្បី​លាក់ខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាម​ៗ និង​ដកហូត​បាន​ដាវ​មួយ​ដើម រួច​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចតុមុខ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ ចំណែក​ភាគី​ម្ខាង​ទៀត​ក៏​បាន​ឌុ​ប​សង្សារ​របស់​ជន​បង្ក រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ រួច​ធ្វើការ​ឃាត់ខ្លួន​យុវជន​ខាងលើ រួម​ទាំង​ដកហូត​ដាវ​មួយ​ដើម ព្រមទាំង​យក​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ និង​ធ្វើការ​សាកសួរ​បន្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

Turbo tech solutions