ថ្ងៃទី២៨ ខែវិច្ឆិកាខាងមុខនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍សិល្បៈដ៏ធំមួយឈ្មោះថា «រាត្រីចងចាំឆ្នាំ២០២១» តាមប្រព័ន្ធអនឡាញ

98

នៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នាពេលខាងមុខ ដើម្បីអបអរសាទរ សម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនិងអរូបីដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ពិសេសអបអរសាទរខួប៣ឆ្នាំនៃការដាក់បញ្ជូលល្ខោនខោលកម្ពុជាចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

ឯកឧត្តម ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររៀបចំព្រឹត្តិការណ៍នាឱកាសសំណេះសំណាលក្នុងពិធីហាត់សមនាពេលកន្លងមក បានមានប្រសាសន៍ថាព្រឹត្តិការណ៍សិល្បៈនេះ ក្រៅពីមានការសម្តែងនូវទស្សនីយភាពសិល្បៈចម្រុះទាំងបុរាណនិងសម័យ គឺមានការសម្តែង ល្ខោនខោល ក្នុងគោលបំណងចង់ឱ្យសាធារណជនជាតិនិងអន្តរជាតិ បានឃើញកាន់តែច្បាស់អំពីកិត្យានុភាពនៃវប្បធម៌ជាតិខ្មែរខណៈដែលល្ខោនខោលសហគមន៍វត្តស្វាយអណ្តែតតំណាងឱ្យល្ខោនខោលកម្ពុជា ត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO អស់រយៈពេល៣ឆ្នាំកន្លងទៅ ក្នុងការចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។

ឯកឧត្តមបន្តថាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នឹងមានការផ្សាយផ្ទាល់តាមរយៈផេកផ្លូវការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតាមបណ្តាស្ថានីយ៍ទូរទស្សន៍-សារព័ត៌មាន-បណ្តាញទំនាក់ទំនងសង្គម មួយចំនួនដែលនឹងរួមគ្នាផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ដើម្បីឱ្យពិភពលោកបានឃើញពីតម្លៃល្ខោនខោលកម្ពុជាដែលជាតម្លៃនៃមនុស្សជាតិ ហើយនេះក៏ជាបំណងដែលយើងគ្រប់គ្នាចង់បាន។ ឯកឧត្តម ក៏បាន អំពាវនាវឱ្យប្រជាជនខ្មែរជាពិសេសយុវជនបន្តសកម្មភាពគាំទ្រឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបដែលដូនតាខ្មែរយើងបន្សល់ទុកឱ្យនៅបានយូរអង្វែងតទៅមុខទៀត។

ដោយឡែក ឯកឧត្តម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការ និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងារទទួលបន្ទុករៀបចំព្រឹត្តិការណ៍និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំព្រឹត្តិការណ៍ និងសិល្បទស្សនីយភាព បានបញ្ជាក់បន្ថែមទៀតថា នេះជាលើកទី២ហើយដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំនូវព្រឹត្តិ្កការណ៍នេះឡើងបន្ទាប់ពីបានរៀបចំនូវព្រឹត្តិការណ៍រាត្រីចងចាំលើកទី១ នៅលើទឹកដីអង្គរខេត្តសៀមរាប ដែលមានអ្នកចូលរួមទស្សនាដោយផ្ទាល់ប្រមាណជាង២ម៉ឺននាក់។

ប៉ុន្តែឆ្នាំ២០២១នេះ ដោយសារបញ្ហាជំងឺកូវីដ-១៩ ដែលជាបញ្ហាសាកល ទើបព្រឹត្តិការណ៍រាត្រីចងចាំឆ្នាំ២០២១ ពុំត្រូវបានរៀបចំសម្តែងដោយផ្ទាល់នៅទីកន្លែងសារធារណៈឬក្នុងតំបន់ទេសចរណ៍ណាមួយនោះទេ មានន័យថាទិដ្ឋភាព សោភណ្ឌភាព បច្ចេកទេសនៃការ សម្តែងគឺបានបង្ហាញពីរសជាតិថ្មី តាមបរិបទថ្មីនៃប្រព័ន្ធបច្ចេកវិទ្យា(អនឡាញ)។ ឯកឧត្តម បានបន្តថាព្រឹត្តិការណ៍នេះ គឺមានសិល្បករ សិល្បការិនី នាដកា តន្រ្តីករ និងតារាសម្តែងល្បី សរុបប្រមាណេជិត២០០នាក់ បានស្ម័គ្រចិត្តចូលរួមសម្តែង ដោយបង្ហាញពីការពេញចិត្ត និងក្តីស្រលាញ់ពីបេះដូង ដែលការណ៍នេះ បង្ហាញពីឆន្ទ:នៃយុវជនប្រតិបត្តិវិស័យ ដើម្បីរួមគ្នាលើកស្ទួយមរតកវប្បធម៌ជាតិ។ ឯកឧត្តម ក៏បានបញ្ជក់ផងដែរថា ថ្វីត្បិតរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យក៏ពិតមែន តែសិល្បករ សិល្បការិនី បានរៀនរស់នៅដោយចេះសម្របខ្លួនតាមគន្លងប្រក្រតីភាពថ្មី ស្របតាមវិធានការណ៍របស់ក្រសួងសុខាភិបាល៕

Turbo tech solutions