តៃប៉ិក៖ រដ្ឋអាជ្ញាតៃវ៉ាន់ បានចេញដីកាចាប់ខ្លួនអ្នកទទួលខុសត្រូវ លើករណីគ្រោះថ្នាក់រថភ្លើងដែលកំពុងធ្វើដំណើរ ដឹកមនុស្សប្រមាណ ៥០០នាក់ពីរដ្ឋធានីតៃប៉ិរបស់តៃវ៉ាន់ទៅតាទីទុងនៅឆ្នេរខាងកើត។
បើតាមការចុះផ្សាយដោយ Reuters នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១នេះបានឲ្យដឹងថា ហេតុការណ៍ក្រឡាប់រថភ្លើងនេះ បានបណ្តាលឲ្យមនុស្ស ៥០នាក់បាត់បង់ជីវិត។
មុនពេលកើតហេតុ មានរថយន្តដឹកទំនិញមួយទំនងមានបញ្ហាហ្វ្រាំង បានរអិលកល់នឹងផ្លូវរថភ្លើង លុះពេលរថភ្លើងមកដល់ក៏បានបុកជាមួយរថយន្តនេះតែម្តង។
ក្រោយកើតហេតុ ការិយាល័យប្រធានាធិបតីរបស់លោកស្រី Tsai Ing-wen បានទៅដល់ទីក្រុង Hualien នៅថ្ងៃសៅរ៍នេះ ដើម្បីទៅជួបអ្នកនៅរស់រានមានជីវិត។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានប្រកាសឲ្យពលរដ្ឋទាំងអស់ហូតទង់ជាតិ ត្រឹមពាក់កណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងហេតុការណ៍នេះ៕

