ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ចំនួន០៤កន្លែង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ

156

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ តំណាងឲ្យលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យទាំង៤ទីតាំង ដែលសង្ស័យប្រព្រឹត្តល្បែងស៉ីសងខុសច្បាប់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

រដ្ឋបាលខណ្ឌដូនពេញ បានថ្លែងប្រាប់នាថ្ងៃទី១៤ ខែវិច្ឆិកានេះឲ្យដឹងថា ការចុះបង្ក្រាបធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាបពីបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ។ ពេលចុះដល់ទីតាំងជាក់ស្តែងពិនិត្យឃើញថា មានអាជីវកម្មចំនួន៣ទីតាំងបម្រុងនឹងបើក និងទីតាំងចំនួន១ ទៀតកំពុងបិទទ្វារ។

ជាលទ្ធផល ក្រុមការងារបានធ្វើកំណត់ហេតុបិទទីតាំង ដែលបម្រុងបើកលេងល្បែងស៊ីសងខុសច្បាប់ដែលទីតាំងទី១ ស្ថិតនៅផ្ទះលេខ៥៣, ៥៤ សង្កាត់ស្រះចក ខណ្ឌដូនពេញដោយក្រុមការងារបានដកហូតកុំព្យូទ័រ២៧គ្រឿង និងម៉ូនីទ័រចំនួន២៧។ ទីតាំងទី២ អប់រំណែនាំ ព្រោះមិនមានសកម្មភាព។ ទីតាំងទី៣ បិទទ្វារ និងទីតាំងទី៤ ស្ថិតនៅផ្លូវលេខ៨៦ សង្កាត់ស្រះចក ដកហូតបានទូរទស្សន៍១ និងកុំព្យូទ័រចំនួន១១គ្រឿង កៅអីចំនួន១៣ យកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ៕

Turbo tech solutions