ប្រជាពលរដ្ឋ​ជិត​១០០​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​ចុះ​អន្តរា​គម​ន៍​ជួយ​ដឹក​ជម្លៀសចេញពីផ្ទះ​សម្បែង​ទៅ​កាន់​ទី​ទូល​មាន​សុវត្ថិភាព​ទាំង​កណ្ដាល​យប់

171


បាត់ដំបង​៖ ប្រជាពលរដ្ឋ​ជិត​១០០​គ្រួសារដែល​រស់នៅ​ក្នុងភូមិ​ចំនួន​០៣ ក្នុង​ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី ត្រូវ​បាន​អាជ្ញាធរ​ចុះ​អន្តរា​គម​ន៍​ជួយ​ដឹក​ជម្លៀសចេញពីផ្ទះ​សម្បែង​ទៅ​កាន់​ទី​ទូល​មាន​សុវត្ថិភាព​ទាំង​កណ្ដាល​យប់ ដោយសារ​តែ​ពួក​គាត់​កំពុង​ប្រឈម​នឹង​ការ​លិចលង់​កាន់តែ​ខ្លាំង​ទៅ​នឹង​ជំនន់​ទឹកភ្លៀង​។ មន្ត្រី​រដ្ឋបាល​ស្រុក​រុក្ខ​គិរី បាន​ឲ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង​បាន​ហក់​ឡើង​យ៉ាង​ខ្លាំង​នា​ប៉ុន្មាន​ថ្ងៃនេះ ធ្វើ​ឲ្យ​លិចលង់​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​យ៉ាងធ្ងន់ធ្ងរ​។

ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​គ្មាន​សញ្ញា​ថមថយ ធ្វើ​ឲ្យ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​រាប់​សិប​ខ្នង​ប្រឈម​កាន់តែ​ខ្លាំង ទើប​នៅ​វេលា​ម៉ោង​ប្រហែល​១០​យប់​ថ្ងៃ​ទី ១៤ វិច្ឆិកា លោក​អភិបាលស្រុក​រុក្ខ​គិរី ដឹកនាំ​កម្លាំង​ចុះ​អន្តរា​គម​ន៍​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ចំនួន​០៣ ដែល​ប្រឈម​ខ្លាំង​ចេញពី​លំនៅ​ឋាន ដើម្បី​ទៅ​រក​ទី​ទូល​សុវត្ថិភាព​ ។ មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​មិន​ឈប់ ធ្វើ​ឲ្យ​ជោរជន់​យ៉ាង​ខ្លាំង​ចូល​ក្នុង​អាង​ស្ដុក​ទឹក​ទំនប់​បា​សាក់ និង​បាន​គំរាមកំហែង​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​។

បើ​តាម​របាយ​ការ​ណ៍បឋម​របស់​អាជ្ញាធរ ភូមិ​ចំនួន​០៣ ដែល​ជួប​ហានិភ័យ​ខ្លាំង ហើយ​ចាំបាច់​អាជ្ញាធរ​ត្រូវ​ជួយ​អន្តរា​គម​ន៍ជម្លៀស​ចេញ​ទាំង​យប់ គឺ​ភូមិ​ឈូក ភូមិ​ច្រាំង​ខ្ពស់ និង ភូមិ​កំ​រ៉ែ​ង ស្ថិត​ក្នុង​ឃុំ​បា​សាក់ ស្រុក​រុក្ខ​គិរី ដែល​មាន​ពលរដ្ឋ​ជិត​១០០​គ្រួសារ ដែល​ត្រូវ​ជន្លៀស​ចេញ​ទៅ​រក​ទី​ទូល​មាន​សុវត្ថិភាព​ទាំង​កណ្ដាល​យប់​។ សូម​បញ្ជាក់​ថា ដំណឹង​គ្រា​ហ៍​អាសន្ន​ស្ដី​ពី​ជំនន់​ទឹកភ្លៀង​នៅ​«​អាង​ស្ដុក​ទឹក​ទំនប់​បា​សាក់​» នេះ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​រុក្ខ​គិរី ប្រកាស​អាសន្ន​តាម​បណ្ដាញ​សង្គម​របស់​រដ្ឋបាល​ស្រុក តាំងពី​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា មក​ម្លេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នានា ប៉ែក​ខាងក្រោម​ៗ នៃ​ទំនប់​ទឹក​បា​សាក់ នេះ​ត្រៀមលក្ខណៈ បង្កា​ជា​មុន​ក្រែង​មាន​គ្រោះថ្នាក់​ដោយ​យថាហេតុ​។

សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ស្រុក​រុក្ខ​គិរីខាងលើ​នេះ មិន​ត្រឹម​តែ​ផ្ដល់​ជា​សញ្ញា​អាសន្ន​ដល់​ប្រជាពលរដ្ឋ​​ក្នុងស្រុក​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ គឺ​បាន​ព្រមាន​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ក្នុងស្រុក​មោង​ប្ញ​ស្សី​ទៀត​ផង​។ ការ​ជូនដំណឹង​ជា​មុន​នេះ រដ្ឋបាល​ស្រុក​រុក្ខ​គិរី​នេះ ដោយ​យោង​លើ​ស្ថានភាព​ធ្ងន់ធ្ងរ នៃ​ជំនន់​ទឹកភ្លៀង ដែល​កំពុង​ហក់​ឡើង​យ៉ាង​គំហុក​នៅ​ក្នុង​«​អាង​ស្ដុក​ទឹក ទំនប់​បា​សាក់​» ដែល​មាន​កម្ពស់​រហូត​ដល់​៦,២​ម៉ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ១៤ វិច្ឆិកា ដែល​ជា​សញ្ញា​ប្រកាស​អាសន្ន​។

ទោះ​យ៉ាងណា បើ​តាម​ព័​ត៏​មាន​បឋម ដែល​កោះសន្តិភាពទ​ទូល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី ១៥ វិ​ច្ឆ​កា កម្ពស់​ទឹក​នៅ​«​ទំនប់​ទឹក​បា​សាក់​» ខាងលើ​នេះ នៅ​តែ​បន្ត​ហក់​ឡើង ហើយ​លំនៅ​ឋាន​ប្រជាពលរដ្ឋ​នៅ​តំបន់​ខ្លះ បាន​លិច​ពាក់កណ្ដាល និង កន្លែង​ខ្លះ​ទៀត លិច​ដល់​ដំបូល​តែ​ម្ដង តែ​មិន​ទាន់​មាន​សេចក្ដី​រាយ​ការ​ណ៏​អំពី​គ្រោះថ្នាក់​ដល់​មនុស្ស ឬ សត្វ​នៅឡើយ​ទេ ខណៈ​ពេល​នេះ​អាជ្ញាធរ និង សមត្ថកិច្ច​បាន​និង​កំពុង​ប្រឹងប្រែង​ចុះ​ជួយ​ជន្លៀស​ប្រជាពលរដ្ឋ​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្លាំង​នៅឡើយ​៕​

Turbo tech solutions