«​ក​.​ប​.​ប​.»ចុះបង្ក្រាប​​អាល់កុល​ក្លែងក្លាយ​​ជិត៦០០​លី​ត្រ​ ក្រោយ​ពលករ​​ពុល​អាល់​កុល​ស្លាប់​៧​នាក់

61

​​បន្ទាយ​មាន​ជ័យ​៖ ​រយៈពេល​ជិត​១​ស​ប្តា​ហ៍​នេះ ​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» ​បាន​ចុះ​ពិនិត្យ​ និង​ដកហូត​អាល់កុល​ក្លែងក្លាយ​បាន​ជិត​៦០០​លី​ត្រ​ ក្រោយ​ពេលមានករណី​​ពលករ​ពុល​អាល់​កុល​ស្លាប់​​ចំនួន​៧​នាក់​ ដែល​​ការ​ចុះ​ពិនិត្យ​និង​ដកហូត​អាល់កុលក្លែងក្លាយ​​ខាងលើនេះ​បានធ្វើឡើង​​​កាលពី​​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១​ នៅ​ក្រុង​សិរី​សោភ័ណ​។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខា​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​) ​ខេត្តបន្ទាយមានជ័យ​ បាន​ឱ្យ​ដឹង​ថា​ ក្រោយពី​មានករណី​​ពលករ​​ត្រឡប់​ពី​ប្រ​​ទេសថៃ​​ បានយក​អាល់កុល​ក្លែងក្លាយ​ទៅ​លាយ​ជាមួយ​ភេស​ជ្ជៈ​ធ្វើជា​​ស្រា​ផឹក ​បណ្តាល​ឱ្យ​ពុល​ចំនួន​២២​នាក់​ (ស្រីចំនួន​២​នាក់​) និង​បាន​ស្លាប់​ជា​បន្តបន្ទាប់​ចំនួន​៧​នាក់​ (ស្រី​០១​នាក់​) នៅ​មណ្ឌល​កូប​ធំ​ កាលពី​ថ្ងៃ​ទី​១១-១២ ខែវិច្ឆិកា ឆ្នាំ​២០២១​ កន្លងមកនេះ ។

អគ្គនាយកដ្ឋាន ក​.​ប​.​ប និង​ដោយមាន​វិធានការ​ពី​អភិបាល​ខេត្តបន្ទាយមានជ័យ បានឱ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​តាម​ទីផ្សារ​ និង​ឱសថស្ថាន​នានា​ក្នុង​ក្រុង​សិរី​សោភ័ណ ដោយ​បាន​​ដកហូត​អាល់កុល​ក្លែង​ក្លាយជា​ប្រភេទ​មេតា​ណុ​ល​ និង​អាល់កុល​ក្លែងក្លាយ​ ដែល​មិន​គ្រប់​កម្រិត​​ក្នុងការ​​លាង​​សម្លាប់មេរោគ​ ត្រូវ​បាន​ដកហូត​​ចំនួន​២​ប៊ី​ដុ​ង ​និង​ដប​ប្រមាណ​ជាង​១០០​លី​ត្រ​។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ បាន​បញ្ជាក់​ថា​ ​រយៈពេល​ជិត​១​ស​ប្តា​ហ៍​ចាប់ពី​ថ្ងៃ​ទី​១២​ដល់​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១​ កន្លងម​កនេះ​ មន្ត្រី ក​.​ប​.​ប បាន​សហការ​ជាមួយ​មន្ត្រី​មន្ទី​ពាណិជ្ជកម្ម បាន​ចុះ​ពិនិត្យ​ក្នុងភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ​ ដោយ​ដកហូត​អាល់កុល​ក្លែង​ក្លាយជា​ប្រភេទ​មេតា​ណុ​ល​បាន​ប្រមាណ​ជិត​៦០០​លី​ត្រ​ យក​ទៅ​រក្សា​ទុក​ ដើម្បី​​រង់​ចាំ​ដុត​បំផ្លាញ​ចោល ​៕

Turbo tech solutions