ខ្លាំងប៉ះខ្លាំងចុងក្រោយខ្លោច! ប្ដីប្រពន្ធមួយគូរឈ្លោះ​គ្នារហូត​ឆេះ​ផ្ទះ​អស់សល់តែផេះ

79

ភ្នំពេញ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​២​នាក់​ឈ្លោះប្រកែក​គ្នា​តែងតែ​គំរាម​ដុត​ផ្ទះ រហូត​បង្ក​ក្លាយជា​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​អស់​ចំនួន​៣​ខ្នង​ទាំងស្រុង ធ្វើ​ឲ្យ​អ្នក​ជិតខាង​រត់​ចែក​ជើង​គ្នា​ទាំង​កណ្តាល​យប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​រទេះភ្លើង ស្ថិត​ក្នុងភូមិ​២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ​មានឈ្មោះ​ធី ភេទ​ស្រី អាយុ​៥២​ឆ្នាំ មុខរបរ លក់​លៀស​ហាល បណ្តាល​ឱ្យ​ខូចខាត​ផ្ទះ​ប្រភេទ​សំណង់ ឈើ​ប្រក់​ស័ង្កសី​ទំហំ (៤​ម៉ែត្រ​×៦​ម៉ែត្រ​) ចំនួន​២​ខ្នង និង​ម្ចាស់ផ្ទះ​រង​គ្រោះ​មួយ​ខ្នង​ទៀត​ឈ្មោះ អ៊ូ​ក ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុ​រ​របរ​នៅផ្ទះ ។ ហើយ​នៅ​ក្នុង​ហេតុការណ៍​នោះ មិន​បាន​បង្ក​អោយ​នរណា​ម្នាក់​រង​របួស​ឡើយ ។

តាម​ប្រភព​​ពី​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ផ្ទះ​កើតហេតុ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បានលឺ​សូរ​សម្លេង​ឈ្លោះ​គ្នា​ចេញពីផ្ទះ​ឈ្មោះ អ៊ូ​ក ដែល​បង្ក​ឡើង​ដោយ​ប្អូនប្រុស​គាត់​ឈ្មោះ​ក្រៅ​ហៅ​ថា លូ ដែល​តែងតែ​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​ស្ទើរ​រាល់ថ្ងៃ ហើយ​ពេល​ឈ្លោះ​គ្នា​ម្តង​ៗ បុរស​ជា​ប្តី​តែង​គំរាម​ដុត​ផ្ទះ​ជា​និច្ច​។

ប្រភព​ដដែល​បន្ត​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ គាត់​បានលឺ​សំឡេង​ឈ្លោះប្រកែក​គ្នា និង​បោកប្រាស់ សម្ភារៈ​ក្នុងផ្ទះ​ផង​ដែរ លុះ​មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​មាន​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពីផ្ទះ​នោះ​មក និង​ឆេះ​រាល​ដល់​ផ្ទះ​ឈ្មោះ ធី ដែល​មាន​សមាជិក​ក្នុង​គ្រួសារ​កំពុង​តែ​លង់លក់​ក្នុង​ដំណេក ។ ប៉ុន្តែ​សំណាងល្អ ពួក​គាត់​ដឹងខ្លួន​ទាន់​ក៏​នាំ​គ្នា​រត់​ចេញ​មក​ក្រៅដោយ​មិន​បាន​យក​ទ្រព្យសម្បត្តិ​អ្វី​ចេញ​ទាន់​នោះ​ទេ រហូត​ដល់​ស្ថានភាព​ភ្លើង​កាន់តែ​ខ្លាំង ទប់ទល់​លែង​ឈ្នះ ក៏​បណ្តាល​ឲ្យ​ផ្ទះ​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ដែរ រថយន្ត​បង្ការ និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន បាន​ចេញ​រថយន្ត​មក​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាញ់​ទប់ស្កាត់​ទាន់​ពេលវេលា និង​ពុំ​ឆ្លង​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ជិតខាង​ឡើយ ។

ចំពោះ​មូលហេតុ​បង្ក​អោយ​មាន​អគ្គី​ភ័យ អ្នក​ជិតខាង​អះអាង​ថា មក​ពី​ជម្លោះ​ប្តី​ប្រពន្ធ​រហូត​ឈាន​ដល់​ដុត​ផ្ទះ​ខ្លួនឯង រហូត​ធ្វើ​ឲ្យ​ឆ្លង​រាលដាល​ឆេះ​ដល់​ផ្ទះ​អ្នក​ជិតខាង​ទៀត សរុប​គឺ​ឆេះ​ផ្ទះ​អស់​ចំនួន​៣​ខ្នង និង​ខូចខាត​សម្ភារៈ​ក្នុងផ្ទះ​ទាំងស្រុង​ផង​ដែរ ៕

Turbo tech solutions