លទ្ធផលនៃការប្រឡងឌីប្លូមឆ្នាំនេះបានចេញហើយ បេក្ខជន​ប្រឡង​ជាប់​៩៥.៩៧% ខណៈ​បេក្ខជន​អវត្តមាន​៩.២០២​នាក់

63

ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​ថា​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ​ឆ្នាំ​២០២១​បេក្ខជន​ប្រឡង​ជាប់​៩៥.៩៧% ខណៈ​បេក្ខជន​អវត្តមាន​៩.២០២​នាក់ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា ឆ្នាំ​២០២១ ស្តី​ពី​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ សម័យ​ប្រឡង​១៥ វិច្ឆិកា ២០២១​ថា ការ​ប្រឡង​សញ្ញា​បត​មធ្យមសិក្សា​បឋម​ភូមិ សម័យ​ប្រឡង ១៥ វិច្ឆិកា ២០២១ មាន​មណ្ឌល​ប្រឡង​សរុប​១៧១៧ មណ្ឌល និង​បន្ទប់ សរុប​៧ ០៦៧ បន្ទប់ ។

ក្រសួង​បាន​បញ្ជាក់​ថា «​បេក្ខជន​បាន​ចុះ​ឈ្មោះ​ប្រឡង​សរុប​១៥៤ ៨៩៩​នាក់ ស្រី​៨៣៨២៣​នាក់ បេក្ខជន​បាន​មក​ប្រឡង​សរុប ១៤៥៦៦៨​នាក់ ស្រី​៧៩០៥៦​នាក់ និង​បេក្ខជន​អវត្តមាន​សរុប ៩,២០២​នាក់ ស្មើនឹង​៦,៣១% ស្រី​៤៧២៦​នាក់ ស្មើនឹង​៥,៩៧%​។ បេក្ខជន​ប្រឡង​ជាប់​សរុប ១៤១០៥៦ នាក់ ស្មើនឹង ៩៥,៩៧% ស្រី ៧៧ ៤៩៥ ស្មើនឹង ៩៧,២៩%»​។

ក្រសួង​លើក​ឡើង​ថា ជា​រួមការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ​សម័យ​ប្រឡង ៖ ១៥ វិច្ឆិកា ២០២១ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​តាម​គោលការណ៍​ច្បាប់​យុត្តិធម៌ តម្លាភាព និង​ប្រកបដោយ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់ ក្រោម​ការ​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួងសុខាភិបាល​គណៈ​អភិបាល​រាជធានី​ខេត្ត ក៏​ដូច​ជា ការ​ខិត ខំប្រឹង​ប្រែង និង​ការ​ដឹកនាំ​ផ្ទាល់​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ របស់​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត និង​នាយក​នាយិកា​គ្រឹះស្ថានសិក្សា​នីមួយ​ៗ ទាំង​ការ​រៀបចំ​យន្តការ រដ្ឋបាល បច្ចេកទេស សន្តិសុខ សុវត្ថិភាព និង​សុខភាព ព្រមទាំង​ការ​អនុវត្ត​ភារកិច្ច​របស់​គណៈមេប្រយោគ និង​គណៈកម្មការ​នានា ប្រកបដោយ​ភាព​ម៉ត់ចត់ និង​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រួម​ទាំង​ការ​ចូលរួម​អនុវត្ត​បាន​ល្អ​នូវ​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ​ពី​សំណាក់​បេក្ខជន​ប្រឡង ៕

Turbo tech solutions