កូរ៉េខាងត្បូង៖ ក្រុមហ៊ុនLGដែលជាក្រុមហ៊ុនអេឡិចត្រូនិកធំជាងគេប្រចាំប្រទេសកូរ៉េបន្ទាប់ពីក្រុមហ៊ុនSAMSUNG បានប្រកាសបិទអាជីវកម្មទូរស័ព្ទចល័តរបស់ខ្លួននាថ្ងៃច័ន្ទនេះ បន្ទាបើពីខាតបង់ទឹកប្រាក់អស់រយៈពេលប៉ុន្មានឆ្នាំមកនេះ។
យោងតាមការចេញផ្សាយរបស់ Philstar Global នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថាកាលពីមុនក្រុមហ៊ុននេះត្រូវបានគេចាត់ទុកថាជាអ្នកត្រួសត្រាយផ្លូវនៃប្រព័ន្ធប្រតិបត្តិការ Android ដោយសហការជាមួយ Google នៅលើស៊េរី Nexus កាលពីដើមឆ្នាំ ២០១០។ ក្រុមហ៊ុននេះមានការតស៊ូជាយូរមកហើយក្នុងការបង្កើនការលក់ក្នុងទីផ្សារនិងប្រឈមនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញពីគូប្រជែងចិនដែលមានតម្លៃថោកដូចជាក្រុមហ៊ុន Huawei ជាដេីម។
តាមរយះការតាមដានរបស់Counterpoint ក្រុមហ៊ុនLGធ្លាប់ជាក្រុមហ៊ុនដែលតែងតែមានឈ្មោះក្នុងបញ្ជីកំពូលផលិតស្មាតហ្វូនទាំង១០ទូរទាំងពិភពលោក ទេីបតែប៉ុន្មានឆ្នាំមកនេះគិតចាប់ពីឆ្នាំ2015រហូតមកទល់ពេលនេះ ក្រុមហ៊ុនLGបានចុះថយអត្រាទីផ្សារជាបន្តបន្ទាប់ ដែលធ្វេីឱ្យខាតបង់ទឹកប្រាក់ចំនួន4.4ពាន់លានដុល្លា។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាផ្នែកទូរស័ព្ទចល័តបានបរាជ័យក្នុងការបង្កើតលទ្ធផលខណៈពេលដែលការប្រកួតប្រជែងតម្លៃកាន់តែខ្លាំងឡើងក្នុងចំណោមដៃគូប្រកួតប្រជែងធំៗ នៅក្នុងទីផ្សារទូរស័ព្ទចល័ត។
សេចក្តីសម្រេចនេះនឹងធ្វើឱ្យក្រុមហ៊ុនផ្តោតលើធនធានក្នុងវិស័យលូតលាស់ដូចជាគ្រឿងបន្លាស់,រថយន្តអគ្គិសនី,មនុស្សយន្ត,និងគ្រឿងបរិក្ខាផ្ទះផ្សេងដែលក្រុមហ៊ុនកំពុងបន្តការផលិតនិងលក់លេីទីផ្សារ។ អត្ថបទដោយ Wattey

