បុរសជើងខ្លាំងដែលជេរប្រមាថ និងរកវាយដំមកលើសមត្ថកិច្ចនៅគោលដៅស្ពានស្ទឹងមានជ័យ ឥលូវនេះត្រូវបានចាប់ខ្លួនហើយ

125

ភ្នំពេញ៖ ផ្អើលអស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បុរសម្នាក់ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍រកបុកគេ សមត្ថកិច្ចឃាត់បានធ្វើឲ្យដួលម៉ូតូ តែមិនមានរងរបួសអ្វីនោះទេ បន្ទាប់មករកវាយសមត្ថកិច្ចនិងបញ្ចេញកាយវិការក្រអឺតក្រទម ចង្អុល ប្រើសម្តីគ្មានសីលធម៌ ទៅលើសមត្ថកិច្ចចរាចរណ៍ជាច្រើនរូប ហើយនិយាយថាឲ្យសមត្ថកិច្ចប្រយត្ន័ធ្លាក់ស័ក្តិចេញពីស្មារ ហេតុការណ៍នេះ​កើតឡើងកាលពីវេលាម៉ោង០១ និង៥០នាទី រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧កែង និងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយកើតមានករណីនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាអោយធ្វើការស្រាវជ្រាប់ចាប់ខ្លួនបុរសខាងលើបញ្ជូនទៅតុលាការជាបន្ទាន់។ នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ថា “ករណីនេះស្នងការនគរបាលរាជធានីខេត្ត ត្រូវដកពិសោធន៍ជាបន្ទាន់ ពិសេសកម្លាំងចរាចរណ៍ផ្លូវគោក ឯកឧត្តម ហ៉ឹម យ៉ាន, នាយកដ្ឋានចរាចរណ៍ និងចរាចរណ៍ទូទាំងប្រទេស ខ្ញុំបានណែនាំច្រើនដងហើយមានករណីកើតឡើងមើលងាយមើលថោក មកលើកម្លាំងសមត្ថកិច្ចដែលកំពុងបំពេញកាតព្វកិច្ចនៅលើដងផ្លូវសាធារណៈអញ្ជឹងនេះ ហៅកម្លាំងអន្ដរាគមន៍ដាក់ខ្នោះភ្លាម យកមកប៉ុស្ដិ៍ អត់មានឈ្លោះ អត់មានប្រកែកប្រណាំង។ យើងត្រូវប្ដឹងទៅតុលាការពីបទរារាំង បទបំផ្លាញកិច្ចការរបស់យើង មើលងាយមើលថោកកងកម្លាំង។ រឿងនេះត្រូវរៀបឯកសារទៅតុលាការ”។

នៅមុននេះបន្តិច យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរស់ម្នាក់ដែលបានជេរប្រមាថមើលងាយ​ និងដេញវាយសមត្ថកិច្ច​ ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យនោះ ត្រូវបានឃាត់ខ្លួនបានកាលពីវេលាម៉ោង ១៣:០០នាទីរសៀល នៅចំណុចសាលមហោស្របចេនឡា ម្តុំផ្សារដើមគរ និងនាំខ្លួនទៅសាកសួរនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់​ ៕

Turbo tech solutions