លោកស្នងការរងម្នាក់ និងមនុស្សចំនួន១២នាក់ទៀត បានស្ម័គ្រចិត្ត​ប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ

107

កំពង់ឆ្នាំង៖ ក្រោយ​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជាដ៏​តឹង​រឹង​ក៏​មាន​ស្នងការ​រង​ខេត្តកំពង់ឆ្នាំង​ម្នាក់ និង​មនុស្ស​១២​នាក់​ទៀត បាន​ប្រគល់​ដី​ព្រៃ​លិច​ទឹក​ឲ្យ​រដ្ឋ​វិញ ។

នៅព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២១​នេះ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង អមដំណើរ​ដោយ លោក អុិ​ត សុធា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ព្រមទាំង​មន្ត្រី ជំនាញ​ជា​ច្រើន​រូប​បាន​ចុះ​ទៅ​ពិនិត្យ មើល​ការ​ដកហូត​ដី​ព្រៃ លិច​ទឹក​មក​វិញ​នៅ​ចំណុច​គោក​ព្រះ​ស្ថិត នៅ​ក្នុង​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង ជាប់​ព្រំប្រទល់​ខេត្តកំពង់ធំ ។

អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​បាន​សហការ​ជាមួយ​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​អនុវត្តន៍ដកហូត​នៅ​ដី​ព្រៃ​លិច ទឹក​ចំណុច គោក​ព្រះ បាន​ចំនួន ២០៥៨​ហិ​កតា ដែល​កាន់កាប់​ខុសច្បាប់​ដោយ​មនុស្ស​១៣​នាក់ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា អ្នក​១៣​នាក់ ដែល​បាន​ចេញ​សារភាព​ទទួលកំហុស ​ព្រមទាំង​ប្រគល់​ដី​ទាំងនោះ​មក​រដ្ឋ​វិញ​ ដោយ​គ្មាន​លក្ខខណ្ឌ ។ ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ​ដែរ គឺ​បាន​ប្រើប្រាស់​កម្លាំង​កងរាជអាវុធហត្ថ និង​នគរបាល​ខេត្តចំនួន ២០០​នាក់ ដោយ​បាន​រុះ​រោង​ចំនួន​៥៥ រោង ដក​បង្គោលព្រុំ​ដី​ចំនួន 200 បង្គោល ។ ជា​ទិស​ដៅ​បន្ត​របស់​អាជ្ញាធរ​ខេត្ត​នឹង​ចុះ​ដាំ​កូន​ឈើ ព្រៃ​លិច​ទឹក លើ​ដី​ដែល​បាន​ដកហូត​វិញ​ចំនួន ២០​ម៉ឺន​ដើម ។

គួរ​រំលឹក​ដែរ​ថា សម្តេចតេជោ ហ៊ុន សែន កាលថ្ងៃទី ២៨ ខែវិច្ឆិកា បានចេញបទ​បញ្ជា​យ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើ​ការ​ទប់​ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹង​ទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង ។

គួបញ្ជាក់ថា ៖ អ្នក​ដែល​បាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​ទាំង ១៣​នាក់ រួម​មាន​:១. លោក​ឧត្តមសេនីយ៍ត្រី ស៊ុំ សុ​ជាតិ ស្នងការ​រង​នគរបាល​ខេត្ត​មាន​ចំនួន ៦៧៥​ហិ​កតា ២.​លោក​វរសេនីយ៍ទោ កែវ​ណា​រុន នាយការិយាល័យ ចំនួន​៣២​ហិតា ៣.​លោក ស្រី ស៊ី​ថា មន្ត្រី​ចូល​និវត្តន៍ ២៥​ហិ​កតា ៤.​លោក យឹ​ម សា​រ៉ាត់ មេបញ្ជាការ​សឹក​រង ស្រុក​កំពង់លែង​ចំនួន ៦០​ហិ​កតា ៥.​លោក គង់ ស៊ី​ម​ប្រជាពលរដ្ឋ ២០០​ហិ​កតា ៦.​លោក ស៊ន បូ​រិ​ន្ទ មន្ត្រី​ចូល​និវត្តន៍ ២៥​ហិ​កតា ៧.​លោក នូ ដេ​ត ប្រជាពលរដ្ឋ​៨៩ ហិ​កតា ៨.​លោក​ឡុ​ង សុ​ផេង ប្រជាពលរដ្ឋ​៤០០​ហិ​កតា ៩.​លោក​ស៊ី​ន ប៉ូ​លី​ន ប្រជាពលរដ្ឋ ២៦០​ហិ​កតា ១០.​លោក សៅ ស៊ុ​យ អតីត​ស្មៀនឃុំ​ច្រ​ណូ​ក​ចំនួន​៣០​ហិ​កតា ១១.​លោក សែន ស៊ី​វុ​ទ្ធី ប្រជាពលរដ្ឋ ១៧៥​តា ១២.​លោកស្រី ងួ​ន គឹ​ម​យួន ប្រជាពលរដ្ឋ ៥៧,៥០​ហិ​កតា​១៣. លោកស្រី ប៉ូ ចំ​រ៉ុ​ង ប្រជាពលរដ្ឋ ៣០​ហិ​កតា ។

អ្នក​ទាំង​១៣​នាក់​ខាងលើ បាន​ស្ម័គ្រចិត្ត​ប្រគល់​ដី​អាស្រ័យ​ផល ចំនួន ២០៥៨,៥០​ហិ​កតា ដោយ​គ្មាន​លក្ខខណ្ឌ និង​ធ្វើ​លិខិត​សូម​អភ័យទោស​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

Turbo tech solutions