សម្តេចតេជោ ហ៊ុន សែន គាំទ្រអោយ លោក ហ៊ុន ម៉ាណែត ធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តពីលោក

223

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន បានប្រកាសក្នុងថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២១ ថា “បន្ទាប់ពីសម្តេច គឺលោក ហ៊ុន ម៉ាណែត នឹងក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រី ដោយមានការគាំទ្រពីសម្តេចផ្ទាល់”។


សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ទុនស្ថាបនាខេត្តព្រះសីហនុជាង ៣០០លានដុល្លារអាមេរិក ដើម្បីធ្វើយ៉ាងណាឲ្យខេត្តនេះ ក្លាយទៅជាខេត្តអភិវឌ្ឍន៍ជាពហុបំណង។
សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តព្រះសីហនុប្រើប្រាស់ទឹក ស្អាតដែលចម្រោះចេញពីស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់សីហនុយកទៅចិញ្ចឹមត្រី ស្រោចដំណាំបាន ដោយមិនគិតលុយនោះឡើយ ខណៈទឹកស្អាតនេះគឺបានចម្រោះចេញពីម៉ាស៊ីនទំនើបបំផុត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអះអាងថា សមិទ្ធផលនានាដែលបានកើតចេញនៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន គឺបានមកពីបាតដៃកូនខ្មែរទាំងអស់ ដោយមិនបានពឹងផ្អែកបរទេសណាមួយនោះឡើយ ខណៈខេត្តនៅដែនសមុទ្រមួយនេះបានក្លាយជាខេត្តអភិវឌ្ឍន៍ពហុបំណង ហើយនោះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងថា ការផ្តល់ជំនួយរបស់ប្រទេសមួយចំនួន(ប្រទេសលោកខាងលិច)មកកម្ពុជា គឺដើម្បីផ្តល់ឱកាសការងារដល់ជនជាតិពួកគេវិញដដែល ខណៈជំនួយមួយរយភាគរយគឺពួកគេយកទៅវិញប្រហែលជិត ៨០ភាគរយហើយនោះ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំភ័យស្លន់ស្លោរខ្លាំង ខណៈមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីអូមីក្រុង(Omicron) បានកំពុងផ្ទុះឡើង តែទោះជាយ៉ាងណាក្តីបងប្អូនក៏ត្រូវមានការប្រុងប្រយ័ត្នឲ្យ បានខ្ពស់ផងដែរ ដោយកុំខ្លាចពេក និងភ័យជាដើម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការផ្តល់ជំនួយមនុស្សធម៌ជាថវិកា ១៣លានដុល្លារ, វ៉ាក់សាំង, និងរថយន្តទៅកាន់មិត្តឡាវ គឺដើម្បីដឹងគុណឡាវ ខណៈកម្ពុជាកំពុងជួបការលំបាកកាលពីកន្លងទៅគឺឡាវបានជួយប្រទេសកម្ពុជាយើង ដូច្នេះហើយសម្តេចមិនខ្វល់ចំពោះបុគ្គលណារិះគន់នោះទេ ដោយទង្វើ ដែលកម្ពុជាធ្វើនាពេលនេះគឺចង់បញ្ជាក់អំពីគុណធម៌តែប៉ុណ្ណោះ។

សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រកាសថា សម្ដេចគាំទ្រកូនប្រុសឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្តពីសម្ដេច ហើយការធ្វើជានាយករដ្ឋមន្ត្រីនេះ គឺធ្វើតាមការបោះឆ្នោត។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់គណបក្សប្រជាជនកម្ពុជា ជារឿងផ្ទៃរបស់គណបក្សប្រជាជនកម្ពុជា។ ហើយគណបក្សប្រជាជនកម្ពុជា ក៏មានទស្សនវិស័យច្បាស់លាស់បំផុតសម្រាប់កម្ពុជាដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ហ៊ុន ម៉ាណែត ជាបេក្ខនាយករដ្ឋមន្ត្រីសម្រាប់គណបក្សប្រជាជនកម្ពុជានៅពេលខាងមុខ ក្នុងចំណោមបេក្ខភាពផ្សេងៗទៀតរបស់គណបក្ស ដែលគាំទ្រដោយឪពុករបស់ខ្លួន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា។

សម្តេចថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ដែលចំណាយថវិការបស់ជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក ក្នុងក្រុងព្រះសីហនុ៕

Turbo tech solutions
HQP