នៅឆ្នាំក្រោយប្រជាពលរដ្ឋខ្មែរ នឹងអាចប្រើប្រាស់វ៉ាក់សាំងដែលផលិតនៅក្នុងប្រទេស ខណៈពេលនេះកំពុងសិក្សាគំរោងបើករោងចក្រ

79

ភ្នំពេញ៖ លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ពេលនេះក្រុមហ៊ុនផលិតវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន កំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកម្ពុជាដើម្បីសិក្សា និងស្រាវជ្រាវក្នុងការផលិតវ៉ាក់សាំងនៅកម្ពុជា ហើយនៅក្នុងឆ្នាំក្រោយ ប្រជាជនកម្ពុជានឹងអាចប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតនៅក្នុងប្រទេសតែម្តង

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែងនេះ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ លោក វ៉ាង វិនធាន បានគូសបញ្ជាក់ដូច្នេះថា៖ «ភាគីចិនយកចិត្តទុកដាក់ខ្ពស់ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ស្តីពីគម្រោងបង្កើតរោងចក្រផលិតវ៉ាក់សាំង ក្រុមហ៊ុនស៊ីណូហ្វាមចិន កំពុងតែទំនាក់ទំនងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលកម្ពុជា ប្រហែលឆ្នាំក្រោយ ប្រជាជនកម្ពុជា នឹងអាចប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតនៅក្នុងស្រុកខ្មែរបាន»

លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងកាបរទេសចិន បានប្រកាសគាំទ្រឱ្យមានការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ របស់ចិននៅក្នុងប្រទេសកម្ពុជា។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងឱកាសដែលប្រមុខការទូតប្រទេសទាំងពីរ ជួបពិភាក្សាទ្វេភាគី គ្រាដែលឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៣ ដល់ ៥ ខែធ្នូ ឆ្នាំ២០២១។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសអំពីលទ្ធផលនៃដំណើរទស្សនកិច្ច និងជំនួបទ្វេភាគីរបស់ប្រមុខការទូតប្រទេសទាំងពីរ ដែលទទួលបានបញ្ជាក់ឱ្យដឹងថា៖ «ឯកឧត្ដម ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីនូវការកោតសរសើរបស់កម្ពុជា ចំពោះការផ្តល់ជំនួយអភិវឌ្ឍន៍របស់មិត្តចិន ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេស ការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលចាំបាច់សម្រាប់កម្ពុជា ក្នុងការគ្រប់គ្រងបាននូវការរាតត្បាតនៃជំងឺកូវីដ-១៩។ ជាការឆ្លើយតប ឯកឧត្តម វ៉ាង យី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តផ្តល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងការគាំទ្រឱ្យបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នៅក្នុងកម្ពុជា ផងដែរ»

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងសន្និសីទកាសែតអំឡុងទទួលជំនួយវ៉ាក់សាំងចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើតាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ទៅកាន់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងនាយករដ្ឋមន្រ្តីចិន ដើម្បីជំរុញឱ្យមានរោងចក្រសម្រាប់ផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន នៅក្នុងប្រទេសកម្ពុជា។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ធ្វើដូច្នេះកម្ពុជាមានលទ្ធភាពដើម្បីទិញវ៉ាក់សាំងដែលផលិតនៅក្នុងរោងចក្រដែលផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីចាក់នៅក្នុងប្រទេសខ្លួនឯងផង ហើយកម្ពុជាក៏មានលទ្ធភាពដើម្បីចែកចាយវ៉ាក់សាំងនេះទៅកាន់ប្រទេសដទៃ តាមរយៈនៃការបញ្ជាទិញរបស់ប្រទេសដទៃ»

ប្រទេសចិន បានក្លាយទៅជាប្រទេសឈានមុខគេ ក្នុងការផ្តល់ជំនួយ និងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកដល់ប្រទេសកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០២១ ខណៈដែលប្រទេសទាំងពីរជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាសហគមន៍រួមវាសនាតែម្តងហើយក៏ជាមិត្តដែកថែប។ មិត្តចិនដែលផលិតវ៉ាក់សាំង២ប្រភេទ គឺស៊ីណូហ្វាម (Sinopharm) និងស៊ីណូវ៉ាក់ (Sinovac) ហើយមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក បានផ្តល់ជំនួយ និងសម្របសម្រួលក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបចំនួន ៣៦,៨០០,០០០ដូស ដោយក្នុងនោះកម្ពុជាទទួលបានវ៉ាក់សាំងជំនួយជាង៨លានដូស៕

Turbo tech solutions