សម្ដេចតេជោ ហ៊ុន សែន៖ គម្រោងនាំផ្លែមៀន និងត្រីប្រាទៅចិន ព្រមទាំងការបង្កើតរោងចក្រផលិតវ៉ាក់សាំងស៊ីណូហ្វាមប្រឆាំងនឹងជំងឺកូវីដ-១៩ គឺជាកាដូចុងឆ្នាំ របស់ចិនសម្រាប់កម្ពុជា

87

ព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ជាមួយនឹងការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អំពីគម្រោងនាំនូវផ្លែមៀន និងត្រីប្រា ព្រមទាំការបង្កើតរោងចក្រវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម របស់ប្រទេសចិននៅលើទឹកដីកម្ពុជានាឆ្នាំក្រោយនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយសប្បាយចិត្ត ហើយចាត់ទុកថានេះគឺជាកាដូចុងរៀបចុងឆ្នាំ របស់ប្រទេសចិនសម្រាប់កម្ពុជា។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ប្រវែងសរុប ៩៦,៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង(ចំណុចប្រសព្វផ្លូវជាតិលេខ១) ខេត្តព្រៃវែង ដល់ថ្នល់ទទឹង(ចំណុចប្រសព្វផ្លូវជាតិលេខ៧) ខេត្តត្បូវឃ្មុំ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រៃវែង សម្ដេចតេជោមានប្រសាសន៍ថា វត្តមាននៃរោងចក្រនេះ នឹងជួយបង្កើតការងារឱ្យឱសថការី និងអ្នករៀនផ្នែកវេជ្ជសាស្ត្រ ព្រមទាំងការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជាបានបន្ថែមទៀត។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ការផ្ដល់ឱ្យកម្ពុជាសម្រាប់ការនាំចេញទៅប្រទេសចិន នូវផ្លែមៀន និងត្រីប្រា ទៅប្រទេសចិន គឺជាកាដូចុងរៀបចុងឆ្នាំ របស់ប្រទេសចិនសម្រាប់កម្ពុជា ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន នឹងចូលជាធរមាននៅខែមករាខាងមុខ ដែលធ្វើឱ្យកម្ពុជាមានដង្ហើមដកកាន់តែល្អ»។ ដូច្នេះយើងត្រូវប្រឹងផលិតដើម្បីបម្រើការនាំចេញ និងផ្គត់ផ្គង់ខ្លួនឯងឱ្យកាន់តែល្អ។

គួរបញ្ជាក់ដែរថា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានលើកឡើងថា មានដំណឹងល្អចំនួនពីរសុំចែករំលែកជូនអ្នកទាំងអស់គ្នា ដោយទី១ ភាគីចិនបានសម្រេចចិត្តធ្វើការសិក្សានិងវិភាគហានិភ័យលើផ្លែមៀននិងត្រីប្រាកម្ពុជាដោយតាមរយៈវីដេអូពីចម្ងាយ គឺជាវិធានការសំខាន់មួយដើម្បីអនុវត្តន៍កុងសុងស៊ីសក្នុងកិច្ចប្រជុំតាមរយៈវីឌីអូរវាងឯកឧត្ដមនាយករដ្ឋមន្រ្តី Li Keqiang និងសម្ដេចតេជោ ហ៊ុន សែន។ ប្រសិនជារលូន ផ្លែមៀនកម្ពុជានឹងអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិននាពេលរដូវប្រមូលផលលើកក្រោយ។ រីឯត្រីប្រាវិញនឹងនាំចេញទៅកាន់ប្រទេសចិនក្នុងពេលដ៏ខ្លីខាងមុខនេះ។ ទី២ គឺ ភាគីចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការលើកឡើងរបស់សម្ដេចតេជោស្តីអំពីគម្រោងបង្កើតរោងចក្រវ៉ាក់សាំង ក្រុមហ៊ុនស៊ីណូហ្វាមចិនកំពុងតែទំនាក់ទំនងជាមួយក្រសួងសុខាភិបាលកម្ពុជា។ ប្រហែលឆ្នាំក្រោយ ប្រជាជនកម្ពុជានឹងអាចប្រើប្រាស់វ៉ាក់សាំងកូវីដដែលផលិតក្នុងស្រុកខ្មែរបាន។ ឯកឧត្ដម ឯកអគ្គរដ្ឋទូតចិនបានបន្តថា «ខ្ញុំជឿជាក់ថា តាមរយៈការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ(RCEP)ដែលមានការចូលរួមពីភាគីចិននិងកម្ពុជា ការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជានឹងបញ្ចេញថាមពលកាន់តែខ្លាំងក្លា។

ឯកឧត្ដម Wang Wentian បានថ្លែងសង្កត់ធ្ងន់ថា «ចូរយើងពួតដៃគ្នាបោះជំហាន ទៅមុខ ដើម្បីបង្កើតសមិទ្ធផលថ្មីៗសម្រាប់ចំណងមិត្តភាពចិននិងកម្ពុជានាពេលខាងមុខ៕

ប្រភព​៖ ក្រសួងព័ត៌មាន

Turbo tech solutions