នៅរដូវ​ធ្លាក់​ខ្យល់​​ សំណង់​ពោធិ៍​ពីរ​ដើម ឃុំ​រហាត់ទឹក ក្លាយជា​កន្លែង​នេសាទ​ត្រីរបស់ប្រជាពលរដ្ឋ

86

បន្ទាយមានជ័យ៖ សំណង់​ពោធិ៍​ពីរ​ដើម ឃុំ​រហាត់ទឹក នា​រដូវ​ធ្លាក់​ខ្យល់​នេះ បាន​ក្លាយទៅជា​កន្លែង​នេសាទ​ត្រី ដែល​ស្ថិត​នៅ​ក្នុងភូមិ​ពោធិ៍​ពីរ​ដើម ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី​។

ហើយ​នៅ​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២១​នេះ នៅ​សំណង់​ពោធិ៍​ពីរ​ដើម ខណៈ​ពេល​ដែល​មាន​ខ្យល់​ធ្លាក់​ត្រជាក់​ម្តង​ៗ គឺ​គេ​ឃើញ​មាន​ប្រជាពលរដ្ឋ​នាំ​គ្នា​នេសាទ​ដោយ (​បោយ​ត្រី​) មិន​តិច​ជាង​៥០​នាក់​នោះ​ទេ ដោយ​ក្នុង​ម្នាក់​ៗ​គឺ​អាច​នេសាទ​ត្រី​ដោយ​បោយ​ត្រី នៅ​មុខ​សំណង់​ផ្នែក​ខាងលិច លើ​សំណង់​អាច​រក​ត្រី​បាន​ក្នុង​១​ថ្ងៃ​មិន​តិច​ជាង​៣០​ទៅ​៥០​គីឡូក្រាម​ឡើយ​។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​គាត់​កំពុង​តែ​បោយ​ត្រី បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​សំណង់​ពោធិ៍​ពីរ​ដើម​នេះ គាត់​បាន​មក​រក​ត្រី​រយៈពេល​ជិត​១​ស​ប្តា​ហ៍​មក​ហើយ ប៉ុន្តែ​រក​ត្រី​បាន​ច្រើន គឺ​ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃនេះ ដោយ​ម្នាក់​ៗ​អាច​រក​ត្រី​បាន​ដោយ​នេសាទ (​បោយ​ត្រី​) នៅ​មុខ​សំណង់​នេះ​បាន​ចាប់ពី​៣០​ទៅ​៥០​គីឡូក្រាម​ឯណោះ ។ ហើយ​ការ​រក​ត្រី​ដោយ​នេសាទ​បោយ​ត្រី​នេះ គឺ​បាន​ចែកវេន​គ្នា ដោយ​ម្តង​ជាង​១០​នាក់ បើ​រក​ត្រី​បាន​ច្រើន គឺ​រយៈពេល​១៥​ទៅ​២០​នាទី​ប្តូរ​វេន​គ្នា​ម្តង តែ​បើសិនជា​រក​ត្រី​បាន​តិចតួច គឺ​កន្លះ​ម៉ោង​ដូរ​គ្នា​ម្តង​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា នៅ​សំណង់​ពោធិ៍​ពីរ​ដើម​នា​ឆ្នាំ​នេះ ការ​រក​ត្រី​គឺ​បាន​ច្រើន​ជាង​ឆ្នាំ​មុន ដោយសារ​ឆ្នាំ​នេះ​ទឹកធំ ហើយ​ការ​រក​ត្រី​ក៏​បាន​ច្រើន ចំណែក​ត្រី​ដែល​បោយ​បាន​នេះ គឺ​ភាគច្រើន​ជា​ប្រភេទ​ត្រី​រៀល ដោយ​លក់​បាន​១​គីឡូក្រាម​តម្លៃ​៣.០០០​ទៅ​៥.០០០​រៀល​តាម​តូច​-​ធំ​ដែល​ឈ្មួញ​មក​យក​ដល់​កន្លែង​។

បើ​តាម​លោក រ័​ត្ន ដា​ស៊ី​ណ​ង់ អភិបាលស្រុក​មង្គល​បូ​រី ក៏​បាន​ប្រាប់​ដែរ​ថា នៅ​សំណង់​ពោធិ៍​ឃុំ​រហាត់ទឹក​នេះ គឺជា​កន្លែង​នេសាទ​ត្រី​នៅ​រដូវ​ធ្លាក់​ខ្យល់​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ហ្នឹង មក​រក​នេសាទ​ត្រី​សម្រាប់​គ្រួសារ ហើយ​ក៏​អាច​លក់​ត្រី​បាន ដោយ​ម្នាក់​ៗ​រក​ចំណូល​បាន​ចាប់ពី​៥​ទៅ​៦​ម៉ឺន​រៀល​យ៉ាងតិច ប៉ុន្តែ​ការ​រក​ត្រី​នៅ​សំណង់​ពោធិ៍​ពីរ​ដើម​នេះ គឺ​បាន​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ​៕

Turbo tech solutions