ឃាតុករដែលសម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំនៅខណ្ឌច្បារអំពៅ កាពិតគឺជាបងថ្លៃជីដូនមួយរបស់ជនរងគ្រោះ ព្រោះតែរឿង…..

240

ភ្នំពេញ:កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាឃាតករដៃឆៅ ធ្វើសកម្មភាពវាយសម្លាប់ប្អូនថ្លៃជីដូនមួយរបស់ខ្លួនជាក្មេងប្រុសអាយុ ១០ឆ្នាំបណ្ដាលឲ្យស្លាប់នៅក្នុងគុម្ពព្រៃមួយកន្លែង។

ការឃាត់ខ្លួនជនសង្ស័យជាឃាតករនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ៦​ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅផ្ទះជនសង្ស័យក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ អុន ភាម៉ុន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះជា ប៊ុនហេង ភេទប្រុស  អាយុ១០ឆ្នាំ ស្នាក់នៅជាមួយម្តាយឪពុកក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យនិងកុមាររងគ្រោះត្រូវជាបងថ្លៃជីដូនមួយនឹងគ្នាបានជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌សផ្លាកលេខ ភ្នំពេញ 1FJ-8384 ឌុបគ្នាចេញពីវត្តជ្រោយអំពិលគោលបំណងទៅញ៉ាំប្រហិតលុះពេលជិះតាមផ្លូវកុមារារងគ្រោះបានយកដៃវាយក្បាលជនសង្ស័យលេង រួចជនសង្ស័យប្រាប់ថាកុំវាយព្រោះតំណមរួចក៏ជិះទៅមុខបន្តទៅទៀត បន្ទាប់មកកុមាររងគ្រោះក៏បានវាយក្បាលជនសង្ស័យលេងម្ដងទៀតធ្វើឲ្យជនសង្ស័យចាប់ផ្តើមខឹងសំនបារ ក៏រៀបគម្រោងយកកុមារារងគ្រោះទៅសម្លាប់ចោល ដោយកុហកកុមារារងគ្រោះថាចុះទៅដកក្រអៅឈូកញាំ ។លុះដល់ចំណុចទីតាំងកើតហេតុជនសង្ស័យក៏យកដៃវាយកុមារារងគ្រោះមួយដៃចំថ្គាមខាងស្ដាំ នឹងវាយមួយដៃទៀតចំមុខនាំឲ្យកុមាររងគ្រោះដួលផ្កាប់មុខលើដីមានទឹកតិចក៏ស្លាប់ រួចជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនត្រឡប់ទៅផ្ទះវិញជាធម្មតាដូចគ្មានរឿងអី។

រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទីព្រឹក ក៏មានប្រជាពលរដ្ឋ ប្រទះឃើញសាកសពកុមាររងគ្រោះនៅចំណុចកើតហេតុខាងលើ បន្ទាប់មកសមត្ថកិច្ចជំនាញក៏បើកការស៊ើបអង្កេតសិក្សាស្រាវជ្រាវស្វែងរកមុខសញ្ញាជនសង្ស័យជាឃាតុករ។

លុះដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទីព្រឹក សមត្ថកិច្ចជំនាញក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបាន ដើម្បីបញ្ជូនទៅកាន់តុលាការធ្វើការចាត់ការតាមនីតិវិធីច្បាប់។

Turbo tech solutions
HQP