សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងសុខាភិបាលពិនិត្យឡើង វិញចំពោះពលរដ្ឋជាង ៧ម៉ឺននាក់ ដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងនាពេលកន្លងមក

69

កោះកុង៖ ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាផងដែរ។

នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍បុណ្យឆ្លងឆ្នាំសកលកន្លងទៅថ្មីៗនេះ គឺជាការសាកល្បងដ៏ធំមួយរបស់កម្ពុជា ចំពោះស្ថានភាពជំងឺកូវីដ-១៩ ដែលមិនមានអ្នកឆ្លងកូវដ-១៩ច្រើន តែទោះជាយ៉ាងណាក៏ដោយក៏យើងត្រូវរងចាំមើលស្ថានភាពជំងឺកូវីដ-១៩ ក្រោយបុណ្យឆ្លងឆ្នាំសកលជាបន្តទៀត។ សម្តេចតេជោបានលើកឡើងថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំនេះ មានប្រជាពលរដ្ឋខ្មែរជាច្រើនកម្សាន្តនៅក្នុងស្រុក ហើយមិនបានចេញទៅក្រៅស្រុកនោះទេ ដែលជាការរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ។

សម្តេចមានមោទនភាពចំពោះប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមអនុវត្តន៍វិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ សម្តេចតេជោបានណែនាំឱ្យក្រសួងសុខាភិបាលពិនិត្យឡើងចំពោះប្រជាពលរដ្ឋជាង ៧ម៉ឺននាក់ ដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងនាពេលកន្លងមក ព្រោះហេតុផលបញ្ហាសុខភាព ក៏ប៉ុន្តែពេលនេះប្រជាពលរដ្ឋទាំងអស់នោះគឺអាចចាក់វ៉ាក់សាំងបាន មិនមានបញ្ហាអ្វីនោះទេ ដូច្នេះត្រូវបន្តចាក់វ៉ាក់សាំងឲ្យពួកគាត់៕

Turbo tech solutions