សម្រាប់អ្នកផ្ទុកមេរោគបំប្លែងថ្មី «អូមីក្រុង» ដាច់ណាត់មិនអនុញ្ញាតឱ្យមានការអន្តរាគមន៍ ព្យាបាលនៅផ្ទះនោះឡើយ ត្រូវព្យាបាលនៅមន្ទីរពេទ្យជាដាច់ខាត

71

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានដាក់បទបញ្ជាដាច់ណាត់ មិនអនុញ្ញាតឲ្យមានការអន្តរាគមន៍ សម្រាប់អ្នកផ្ទុកមេរោគកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ព្យាបាលនៅផ្ទះនោះឡើយ គឺត្រូវព្យាបាលនៅមន្ទីរពេទ្យជាដាច់ខាត។

សម្តេចតេជោបានសង្កត់ធ្ងន់ថា ទោះបីជាអ្នកផ្ទុកមេរោគកូវីដ១៩ បំប្លែងថ្មីនោះមានឋានៈណាក៏ដោយ ទោះមាន ឬក្រក្តី គឺត្រូវតែទៅព្យាបាលនៅមន្ទីរពេទ្យ ហើយស្ថាប័នទទួលខុសត្រូវ មិនបាច់សុំយោបល់ពីសម្តេចនោះទេ។ ជាមួយគ្នានេះ ប្រសិនបើសម្តេចអញ្ជើញទៅប្រទេសមីយ៉ាន់ម៉ា ហើយត្រឡប់មកកម្ពុជា រកឃើញ «អូមីក្រុង» សម្តេចក៏ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យ ដូចអ្នកជំងឺដទៃដែរ ដើម្បីធ្វើជាគំរូសម្រាប់ប្រជាជន។

ការដាក់បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់ប្រាក់រង្វាន់ ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើមបានមេដាយមាសពិភពលោក ពីការប្រកួតកីឡាប៉េតង់នៅអេស្ប៉ាញ ដែលរៀបចំឡើងនៅវិមានសន្តិភាព នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូម្បីតែខ្លួនខ្ញុំ បើសិនជាខ្ញុំទៅមីយ៉ាន់ម៉ា ត្រឡប់មកវិញ ខ្ញុំមានបញ្ហាហ្នឹង [អូមីក្រុង] ខ្ញុំក៏ទៅពេទ្យដែរ ដើម្បីខ្ញុំធ្វើគំរូគេ។ មិនថាអ្នកមាន មិនថាអ្នកក្រ មិនថាអ្នកធំ មិនថាអ្នកតូច ត្រូវតែទទួលការព្យាបាលនៅមន្ទីរពេទ្យ បើមិនដូច្នេះហើយហ៊ានតែចូលក្នុងសហគមន៍ ត្រូវបិទប្រទេសបន្តទៀត តើសុខចិត្តទេ ? ប្រជាពលរដ្ឋច្បាស់ជាមិនសុខចិត្តទេ […] សូមការយោគយល់ពីអ្នកកើតកូវីដប្រភេទអូមីក្រុង គឺសុំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ គ្រប់ទីកន្លែងទាំងអស់ទាំងនៅខេត្តសៀមរាប ខេត្តព្រះសីហនុ ភ្នំពេញ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ខ្ញុំសូមដាក់បទបញ្ជាដាច់ណាត់ ហើយមិនចាំបាច់សុំយោបល់ខ្ញុំទេ ព្រោះប៉ុន្មានករណីហើយ ដែលបានស្នើសុំព្យាបាលនៅផ្ទះ ខ្ញុំប្រកែកថាអត់បានទេ។ ឥឡូវខ្ញុំចេញបទបញ្ជាជាសាធារណៈ ឲ្យលឺទាំងអស់គ្នាទូទាំងប្រទេស ហើយមិនបាច់សុំយោបល់ខ្ញុំទេ បើត្រូវយកត្រាក់ទ័រទៅអូសក៏យកដែរ យកទៅដាក់ពេទ្យ មិនថាកូនអ្នកណា ប្រពន្ធអ្នកណា ឲ្យតែរកឃើញមានអូមីក្រុង»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដាក់បទបញ្ជាដាច់ណាត់នេះ ព្រោះមិនចង់ឃើញការដើរថយក្រោយ នៃការឆ្លងរាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍កម្ពុជានោះទេ ខណៈរាជរដ្ឋាភិបាលកំពុងជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ ជូនប្រជាជនកម្ពុជា។

សម្តេចតេជោបានថ្លែងថា កន្លងទៅអ្នកដែលរកឃើញមេរោគបំប្លែងថ្មី «អូមីក្រុង» តម្រូវឲ្យព្យាបាលនៅមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន តែពេលនេះ មានការរៀបចំនៅមន្ទីរពេទ្យលួងម៉ែ សម្រាប់ព្យាបាលកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» នេះផងដែរ។

បើតាមការបញ្ជាក់របស់សម្តេចតេជោ រហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ កម្ពុជាបានរកឃើញមេរោគបំប្លែងថ្មី «អូមីក្រុង» ចំនួន៩៤ករណីហើយ ក្នុងនោះមានករណីមួយចំនួនបានព្យាបាលជាហើយ។

សូមជម្រាបថាគិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៥២៦នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៩៦៣នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់ ខណៈការចាក់វ៉ាសាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,២៧២,៥០៥នាក់ ស្មើនឹង៨៩.២០ភាគរយនៃប្រជាជន១៦លាននាក់

Turbo tech solutions