ចាប់ខ្លួន​បុរស​ចំនួន​ ០២​នាក់​ទៀត ដែលស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​ញុះញង់​ឲ្យ​មានការ​ប្រមូលផ្តុំ​តវ៉ាធ្វើ​បាតុកម្ម នៅ​ណា​ហ្គា​វើ​ល​ដ៍

63

​ភ្នំពេញ៖ កម្លាំង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​បុរស​២​នាក់​ទៀត តាម​ដីកា​របស់​តុលាការ ដែល​ពាក់ព័ន្ធ​នឹង​ការ​ញុះញង់​ឲ្យ​មានការ​ប្រមូលផ្តុំ​តវ៉ា​ដោយ​ខុសច្បាប់ នៅ​មុខ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​ដ៍ ។

មនុស្ស​២​នាក់​ទៀត​ដែល​ត្រូវ​ឃាត់ខ្លួននា​រសៀល​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២២​​នេះ រួមមាន​ទី​១ ឈ្មោះ សុខ ណា​រិ​ទ្ធ ភេទ​ប្រុស និង​ឈ្មោះ សុខ គង្គា ភេទ​ប្រុស ។ អ្នក​ទាំង​២ ស្ថិត​នៅ​ក្នុង​ចំណោម​ជន​ត្រូវ​ចោទ ៩​នាក់ ដែល​ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពី​បទ ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ។

ក្នុង​ចំណោម​ជន​ត្រូវ​ចោទ​ទាំង ៩​នាក់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន ចំនួន ​៦​នាក់​ហើយ កាលពី​ថ្ងៃ​ម្សិលមិញ ខណៈ ជន​ត្រូវ​ចោទម្នាក់ទៀត ឈ្មោះឈឹម ស៊ីថរ កំពុងរត់គេចខ្លួន ។

សូម​ជម្រាប​ថា ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២២​នេះ លោក​ឧត្តមសេនីយ៍ទោ ប៊ុ​ន សុ​សិក្ខា ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា ក្នុង​កិច្ច​ការងារ​ស៊ើបអង្កេត​ប្រមូល​បាន​វត្ថុ​តាង​នានា ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​របស់​អតីត​បុគ្គលិក​ណា​ហ្គា​វើ​ល រក​ឃើញ​ថា មេដឹកនាំ​ធ្វើ​បាតុកម្ម​ខុសច្បាប់​បាន​ទទួល​លុយ​ឧបត្ថម្ភ​ពី​ក្រៅប្រទេស ដើម្បី​បង្ក​នូវ​ភាព​វឹកវរ​នៅ​ក្នុងស្រុក ៕

Turbo tech solutions