ក្រសួងមិនអនុញ្ញាតឲ្យអ្នកឆ្លងជំងឺ បំប្លែងថ្មី ប្រភេទអូមីក្រុង ព្យាបាលនៅតាមផ្ទះជាដាច់ខាត

68

ក្រសួងសុខាភិបាលមិនអនុញ្ញាតឱ្យអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុងព្យាបាលនៅតាមផ្ទះជាដាច់ខាត ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសនេះ ចូលក្នុងសហគមន៍។

ការប្រកាស​របស់​ក្រសួងសុខាភិបាល​នេះ​បាន ធ្វើឡើង​តាម​ប្រសាសន៍​ណែនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ថ្លែង​នា​ព្រឹក ថ្ងៃទី​ ០៥ ខែមករា ឆ្នាំ​ ២០២២ ថ្លែង​ក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល ជូន​ដល់​កីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភី​មេដាយមាស​ពិភពលោក កីឡា​ប៉េតង់​នៅ​វិមាន​សន្តិភាព​។

​លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បានឱ្យដឹង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​​ចេញផ្សាយ​នៅ​យប់​ថ្ងៃទី ​៥ ​មករា​ថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ បំប្លែង​ថ្មី ប្រភេទ​អូ​មី​ក្រុង ដែល​បានបញ្ជាក់​ដោយ​មន្ទីរពិសោធន៍ មិន​អនុញ្ញាត​ឲ្យ​ព្យាបាល​នៅតាម​ផ្ទះ​ជាដាច់ខាត​។ លោក​រដ្ឋមន្ត្រី​បាន​បន្តថា ករណី​ជំងឺ​កូ​វីដ​១៩ បំប្លែង​ថ្មី ប្រភេទ​អូ​មី​ក្រុង ត្រូវបាន​រកឃើញថា ជា​ករណី​នាំចូល​មកពី​បរទេស និង​ភាគច្រើន​ជា​អ្នកដំណើរ​មកពី​បរទេស​តាមផ្លូវ​អាកាស​។ ទោះបីជា​ពុំទាន់​មាន​ទិន្នន័យ​បញ្ជាក់ថា វីរុស​នេះ​បណ្តាលឱ្យមាន​ភាព​ធ្ងន់ធ្ងរ​នៅឡើយ ប៉ុន្តែ​វា​មានលទ្ធភាព​ឆ្លង​លឿន​។ ដូច្នេះ​ដើម្បី​បង្ការ និង​ទប់ស្កាត់​ជា​អតិបរមា នូវ​ការឆ្លង​រាលដាល​នៃ​វីរុស​នេះ ចូលក្នុង​សហគមន៍​អ្នកជំងឺ​កូ​វីដ​-១៩​បំប្លែង​ថ្មី ប្រភេទ​អូ​មី​ក្រុង ដែល​បានបញ្ជាក់​ដោយ​មន្ទីរពិសោធន៍ ពុំ​ត្រូវបាន​អនុញ្ញាតឱ្យ​ព្យាបាល​នៅតាម​ផ្ទះ​ឡើយ ទោះបី​ក្នុង​លក្ខខណ្ឌ​ណាក៏ដោយ​។

លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា​អ្នកជំងឺ​កូ​វីដ​-១៩ បំប្លែង​ថ្មី ប្រភេទ​អូ​មី​ក្រុង​ទាំងអស់ ត្រូវ​ស្នាក់នៅ ថែទាំ និង​ព្យាបាលនៅក្នុង​មន្ទីរពេទ្យ ឬ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ដែល​កំណត់ដោយ​ក្រសួងសុខាភិបាល ឬ​ដោយ​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ថ្នាក់​រាជធានី​-​ខេត្ត​។​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី​ ៥ ខែមករា ឆ្នាំ ​២០២២ បានដាក់​បទបញ្ជា​ដាច់​ណាត់ មិន​អនុញ្ញាត​ឲ្យ​មានការ​អន្តរាគមន៍ សម្រាប់​អ្នក​ផ្ទុកមេរោគ​កូ​វីដ​១៩ បំប្លែង​ថ្មី «​អូ​មី​ក្រុង​» ព្យាបាល​នៅផ្ទះ​នោះឡើយ គឺ​ត្រូវ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាដាច់ខាត​។ ​សម្តេច​តេ​ជោ​បាន​បន្តថា ទោះបីជា​អ្នក​ផ្ទុកមេរោគ​កូ​វីដ​១៩ បំប្លែង​ថ្មី​នោះ​មាន​ឋានៈ​ណាក៏ដោយ ទោះ​មាន ឬ​ក្រ​ក្តី គឺ​ត្រូវតែទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​ស្ថាប័ន​ទទួលខុសត្រូវ មិនបាច់​សុំ​យោបល់​ពីស​ម្តេច​នោះទេ​។ ជាមួយគ្នានេះ ប្រសិនបើ​សម្តេច​អញ្ជើញ​ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​ត្រឡប់មក​កម្ពុជា រកឃើញ «​អូ​មី​ក្រុង​» សម្តេច​ក៏ត្រូវ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ដូច​អ្នកជំងឺ​ដទៃ​ដែរ ដើម្បី​ធ្វើជា​គំរូ​សម្រាប់​ប្រជាជន​។​

បើតាម​ការបញ្ជា​ក់រប​ស់ស​ម្តេច​តេ​ជោ រហូតដល់​ថ្ងៃទី​ ៥ ខែមករា ឆ្នាំ​ ២០២២​នេះ កម្ពុជា​បាន​រកឃើញ​មេរោគ​បំប្លែង​ថ្មី «​អូ​មី​ក្រុង​» ចំនួន​ ៩៤​ ករណី ក្នុងនោះ​មាន​ករណី​មួយចំនួន​បាន​ព្យាបាល​ជាសះស្បើយ​៕​

Turbo tech solutions