ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា

47

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានផងនោះ នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២នេះ អញ្ជើញបំពេញទស្សនកិច្ចចំនួន២ថ្ងៃទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសសមាជិកអាស៊ាន ហើយកំពុងជួបវិបត្តិនយោបាយ។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។ដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានាថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បាននាំទៅជាមួយជំនួយជាម៉ាស់ជាង ៣លាន និងគ្រឿងបរិក្ខារមួយចំនួនទៀត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងត្រូវអមដំណើរដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។

បើតាមក្រសួងការបរទេសកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗនៅក្នុងអាស៊ាន។

បើទោះបីក្រសួងការបរទេសកម្ពុជា មិនបានលើកលំអិតពីរបៀបវារៈនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោយ៉ាងណាក្តី។ តែបើតាមការបញ្ជាក់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ារបស់សម្តេចនាពេលនេះ សម្តេចចូលរួមវិភាគទានដោះស្រាយវិបត្តិរបស់មីយ៉ាន់ម៉ា ជាពិសេសការនាំមីយ៉ាន់ម៉ា វិលមករកវេទិការបស់អាស៊ានឡើងវិញ បន្ទាប់ពីប្រទេសត្រូវបានអវត្តមានក្នុងវេទិកាអាស៊ាននាឆ្នាំកន្លងទៅ។

បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានអះអាងរួចហើយថា ការដោះស្រាយវិបត្តិរបស់មីយ៉ាន់ម៉ា គឺត្រូវឈរលើគោលការណ៍រួមទាំង៥ ដែលអាស៊ានបានសម្រេចកាលពីខែមេសា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំកំពូលពិសេសនៅឥណ្ឌូនេស៊ីស្តីពីបញ្ហារបស់មីយ៉ាន់ម៉ា។ គោលការណ៍រួមទាំង៥នោះរួមមាន៖ ទី១. បិទបញ្ចប់អំពើហិង្សា, ទី២. រៀបចំកិច្ចសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធ, ទី៣. បញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងមីយ៉ាន់ម៉ា, ទី៤. តែងតាំងប្រេសិតពិសេសដើម្បីសម្របសម្រួលកិច្ចពិភាក្សា និងទី៥. អនុញ្ញាតឱ្យប្រេសិតពិសេសចូលទៅក្នុងប្រទេសនេះ។

Turbo tech solutions