រកឃើញទំនិញខូចគុណភាពនៅតាមទីផ្សារ និងឃ្លាំងស្តុកនានាក្នុងខេត្តស្វាយរៀងប្រមាណ ៣តោន ត្រូវបានដុតកម្ទេចចោល

114

ស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ដោយបានអនុវត្តនូវតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការការពារផលប្រយោជន៍ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យទំនិញតាមបណ្ដាផ្សារ ហាងលក់ទំនិញ សិប្បកម្មផលិត និងឃ្លាំងស្តុកនានា និងបានរកឃើញ ដកហូត និងដុតកម្ទេចទំនិញខូចគុណភាពជាបន្តបន្ទាប់។

ជាក់ស្ដែង នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ មន្ត្រីក.ប.ប. ប្រចាំខេត្តស្វាយរៀងបានធ្វើការដុតកម្ទេចទំនិញខូចគុណភាពចំនួន ៣,២៤៣.២៨គីឡូក្រាម ដែលបានរកឃើញ និងដកហូតពីទីផ្សារ និងឃ្លាំងស្តុកនានាក្នុងខេត្តស្វាយរៀងកន្លងមក។ សកម្មភាពនេះក៏ត្រូវបានចូលរួមពីព្រះរាជអជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង និងមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងផងដែរ៕

ប្រភព​៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

Turbo tech solutions