សូមប្រុងប្រយ័ត្ន! ល្បិចបោកថ្មីទៀតហើយ បន្លំឈ្មោះធនាគារអេស៊ីលីដា ហើយបង្កើតគ្រុបតេឡេក្រាម ដើរប្រមូលពលរដ្ឋឲ្យវិនិយោគ

81

បច្ចុប្បន្ននេះ មានក្រុមជនខិលខូចមួយចំនួនបានប្រើគ្រប់វិធីសាស្ត្រ ដើម្បីបោកប្រាស់លុយកាកប្រជាពលរដ្ឋស្លូតត្រង់តាមរយៈរូបភាពផ្សេងៗដូចជា ការឈ្នះរង្វាន់ពីធនាគារ ការឈ្នះរង្វាន់ពីរាជរដ្ឋាភិបាល ការផ្ញើរបស់របរមកពីក្រៅប្រទេស និងរូបភាពផ្សេងៗទៀត។ ជាក់ស្តែងថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គម ទាក់ទងនឹងករណីល្បិចបោកប្រាស់ថ្មីមួយទៀត ដោយជនខិលខូចបានបន្លំឈ្មោះរបស់ធនាគារ អេស៊ីលីដា ហើយបានបង្កើតជាគ្រុបតេឡេក្រាម ដើម្បីធ្វើការប្រមែប្រមូលប្រជាពលរដ្ឋឲ្យមកដាក់លុយវិនិយោគ។ គ្រុបតេឡេក្រាមនោះមានឈ្មោះថា ACLEDA-INVEST ដែលនៅក្នុងគ្រុបនោះមានសមាជិកជាង១០០នាក់។

ជុំវិញករណីនេះ ធនាគារ អេស៊ីលីដា ក៏បានចេញសេចក្តីប្រកាសនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនដែរថា៖ «សេចក្តីជូនដំណឹង ធនាគារ អេស៊ីលីដា ភីអិលស៊ី សូមជម្រាបជូនអតិថិជន និងសាធារណជនទាំងអស់មេត្តាជ្រាបថា រូបភាពខាងក្រោមនេះ ជាព័ត៌មានក្លែងបន្លំ។ សូមអតិថិជន និងសាធារណជនទាំងអស់ មេត្តាប្រុងប្រយ័ត្ន និងទទួលជ្រាបជាព័ត៌មាន។ សូមអរគុណ»។ ដូច្នេះមុនបងប្អូនប្រជាពលរដ្ឋសម្រេចដាក់ប្រាក់ធ្វើការវិនិយោគនៅលើអ្វីមួយ សូមធ្វើការសិក្សាស្រាវជ្រាវឲ្យបានលំអិត មុននឹងសម្រេចចិត្តវិនិយោគ៕

Turbo tech solutions