ផ្សារបន្ទាយស្រី ពេលនេះក្លាយជាសមិទ្ធិផលថ្មីមួយ ដែលចំណាយថវិការាប់ម៉ឺនដុល្លាររបស់បងប្អូនប្រជាពលរដ្ឋក្នុងផ្សារ ធ្វើការរៃអង្គាសថវិកាជួសជុលឡើងវិញ

64

សៀមរាប៖ យោងតាមការចុះផ្សាយរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ទីបំផុតអ្នកផ្សារបន្ទាយស្រីអាចធ្វើបានដោយខ្លួនឯង! ថវិការាប់ម៉ឺនដុល្លារត្រូវបានគណៈគ្រប់គ្រង និងបងប្អូនអាជីវករនៅក្នុងផ្សារទាំងមូលស្រុះស្រួលរៃអង្គាសគ្នាយកមកជួលជុលកែលម្អផ្សារ ដែលធ្លាប់តែចាស់ទ្រុឌទ្រោម ដំបូលលិចធ្លុះធ្លាយ និងតូចចង្អៀតស្ទើរតែរកតែផ្លូវដើរមិនចង់បានមួយនេះឡើងវិញ ក្នុងឱកាសដ៏កម្រដែលផ្សារនេះត្រូវបានផ្អាកសកម្មភាពដោយសារមានការរីករាលដាលនៃជំងឺកូវីដ និងស្របទៅតាមការអំពាវនាវរបស់រដ្ឋបាលស្រុក។

ក្នុងនាមជាអភិបាលនៃស្រុកទេសចរណ៍មួយ ខ្ញុំពិតជាមានមោទកភាពយ៉ាងខ្លាំងចំពោះសមិទ្ធិផលថ្មីដែលកើតឡើងដោយសារសហគមន៍ខ្លួនឯងមួយនេះ ដែលមិនត្រឹមតែបានជួយលើកមុខលើកមាត់របស់ស្រុកបន្ទាយស្រីនោះទេ តែថែមទាំងបានបង្ហាញពីវប្បធម៌ចូលរួមសហការយ៉ាងផុសផុលពីសំណាក់បងប្អូនប្រជាពលរដ្ឋទៅលើការងារដើម្បីប្រយោជន៍រួមរបស់សហគមន៍ និងជំនឿទុកចិត្តមកលើអាជ្ញាធរនៅក្នុងមូលដ្ឋាន។

ឆ្លៀតឱកាសនេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរាដែលបានផ្តល់ការអនុញ្ញាតទៅលើសំណើររបស់រដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីបើកផ្លូវឱ្យសំណង់ផ្សារសហគមន៍មួយនេះអាចដំណើរការជួសជុលកែលម្អឡើងវិញបាន៕

ប្រភព៖ លោក ឃឹម ហ្វីណង់ – Khim Finan

Turbo tech solutions