កំពុងតែមុជរាវស្រវ៉ារកចាប់ត្រី ស្រាប់តែបាក់មាត់ច្រាំងសង្កត់មកលើបុរសម្នាក់បណ្ដាលឲស្លាប់ នៅស្រុកស្វាយលើ

200

សៀមរាប៖ បុរសម្នាក់បានស្លាប់ដោយសារបាក់ច្រាំងអូរសង្កត់ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៥នឹង៣០នាទីល្ងាច។ យោងតាមឈ្មោះ ហឿន សុខ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមេឃុំតាសៀម ទីលំនៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ប្រាប់សមត្ថកិច្ច។

លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនៃអធិការដ្ឋានស្រុកស្វាយលើ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្រ្តស្រុកកម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍តាសៀម មេឃុំ មេភូមិរហាល ព្រមទាំងកម្លាំងប្រជាការពារបានចុះទៅដល់កន្លែងកើតហេតុ។

ជនរងគ្រោះឈ្មោះ ចក់ ចែម ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

យោងតាមការបំភ្លឺរបស់សាក្សីឈ្មោះ ហ៊ុន ចក់ ភេទប្រុស អាយុ៥៩ឆ្នាំ នៅកន្លែងកើតហេតុខាងលើ(ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ) ទីពីរឈ្មោះ ឌឿន ដា ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវជាបងប្អូនជីដូន បានឲ្យដឹងថាមុនពេលកើតហេតុខ្លួនបាននាំកូនទៅបង់សំណាញ់នៅស្ពានតូចប្រហែលម៉ោង០១នឹង៣០នាទីរសៀល បាននាំគ្នាទៅបង់សំណាញ់លុះដល់ម៉ោង៥នឹង៣០នាទីល្ងាចស្រាប់តែកូនរបស់ខ្លួនបានយកសំណាញ់ទៅគ្របនៅនឹងច្រាំងក្រោមគុម្ពឫស្សីចំណែកខ្លួនក៏នៅក្បែរនោះដែរ ពេលកំពុងតែមុជរាវស្រវ៉ារកចាប់ត្រី ស្រាប់តែបាក់មាត់ច្រាំងសង្កត់មកលើកូនរបស់ខ្លួន។ ក្រោយកើតហេតុគាត់បានរាយការណ៍ជូនសមត្ថកិច្ច និងបានហៅអាអ៊ិច (អេស្កាវទ័រ)មកកាយយកកូនរបស់ខ្លួនចេញពីក្នុងទឹក។

ក្រោយការពិនិត្យរបស់កម្លាំងជំនាញបច្ចេកទេសឃើញថាសពមានស្លាកស្នាមដាច់រលាត់នៅលើ ភ្នែក និង ខ្ទង់ច្រមុះដែលបណ្ដាលមកពីការបាក់សង្កត់នៃច្រាំងអូរពិតប្រាកដមែន ហើយពុំមានពាក់ព័ន្ធករណីបទល្មើសព្រហ្មទណ្ឌទេ។ ក្រោយការពិនិត្យ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

Turbo tech solutions
HQP