ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា បានធ្លាក់ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម ជាផ្លូវការហើយ ក្រោយចាញ់ថៃ ដោយលទ្ធល ០-៥ ក្នុងជំនួបទី៣ ប្រចាំពូល B នៃព្រឹត្តិការណ៍ នាល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។
ក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំថៃ ចំណាយពេលមិនដល់ ៥នាទី ពោលគឺនៅនាទីទី៤ ថៃបានបើកការនាំមុខមុនដោយទាត់បញ្ចូលទីដោយកីឡាករ Chonnapat Buaphan។ លុះចូលដល់នាទី៣១ ថៃ បានបន្ថែមគ្រាប់បាល់ទី២ ធ្វើបានសម្រេចដោយកីឡាករ Korawich Tasa បន្ទាប់មករំលងបានត្រឹមតែ ១០នាទីក្រោយមកកីឡាករ Worachit Kanitsribampen បានបន្ថែមគ្រាប់ទី៣ ឱ្យថៃ នាំឱ្យថៃ នាំមុខ កម្ពុជា ៣ទល់០ នៅវគ្គទី១។
ចូលដល់វគ្គទី២ ថៃរកគ្រាប់បាល់បាន ២គ្រាប់បន្ថែមទៀត នៅនាទី៧២ និង៨៨ ដោយកីឡាករ Patrik Gustavsson ដែលធ្វើឱ្យលទ្ធផលបញ្ចប់ជាផ្លូវការ កម្ពុជា បានចាញ់ ថៃ ០-៥។
លទ្ធផលនេះធ្វើឱ្យកម្ពុជា ឈរនៅលេខ៤ អស់ឱកាសឡើងវគ្គបន្ត ក្រោយប្រកួត ៣ដង ឈ្នះ១ និងចាញ់២ មាន ៣ពិន្ទុ ខណៈនៅសល់ ១ប្រកួតទៀតជាការប្រកួតបង្គ្រប់កិច្ចតែប៉ុន្នោះ។
ចំណែកក្រុមនារីវិញ ក៏បានរងបរាជ័យផងដែរ ក្រោយចាញ់ម្ចាស់ផ្ទះវៀតណាម ដោយលទ្ធផល ៧-០ ដែលបានសេចក្ដីថា ក្រុមនារីកម្ពុជា ក៏ជ្រុះចេញពីព្រឹត្តិការណ៍ដូចគ្នា បន្ទាប់ពីប្រកួត ២ដង ចាញ់ទាំង ២ដងមាន ០ពិន្ទុ អស់ការប្រកួតត្រឹមនេះ៕

