កម្ពុជា ដណ្តើមបានមេដាយមាស ២គ្រឿងបន្ថែមទៀតថ្ងៃនេះ នៅស៊ីហ្គេម លើប្រភេទកីឡាវ៉ូវីណាម និងតេក្វាន់ដូ

227

អត្ត​ព​លិ​ក​កម្ពុជា រក​មេដាយមាស បាន ២​គ្រឿង​បន្ថែម​ទៀតហើយ ក្នុង​ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម និង​កីឡា​តេ​ក្វាន់​ដូ WT សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២២ ក្នុង​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​១៨ ខែឧសភា នេះ​។

មេដាយមាស ទី​១ ដែល​រកបាន​បន្ថែម គឺ​លើ​កីឡា​វ៉ូ​វី​ណា​ម វិញ្ញាសា​សម្ដែង​ការពារ​ខ្លួន​ចម្រុះ នារី​១ បុរស​៣ មាន​អាវុធ ជាមួយនឹង​ពិន្ទុ​២៦៩ ដាច់​លេខ​២ ម្ចាស់ផ្ទះ និង​ជា​ម្ចាស់​ក្បាច់គុន ទទួលបាន ២៦៤​ពិន្ទុ ខណៈ​លេខ​៣ បាន​ទៅ​ម៉ាឡេស៊ី រកបាន ២៥៧​ពិន្ទុ​, លេខ​៤ មី​យ៉ាន់​ម៉ា រកបាន ២៥៦​ពិន្ទុ​, លេខ​៥ ឡាវ រកបាន ២៥៤​ពិន្ទុ និង​លេខ​៦ ថៃ រកបាន ២៥១​ពិន្ទុ​។ ជាមួយគ្នា​ក៏មាន​មេដាយប្រាក់ ១​ទៀត​លើ​កីឡា​នេះ​ដូចគ្នា ឈ្នះ​ដោយ​កីឡាការិនី សុខ សុ​ភី ទទួលបាន​លើ​វិញ្ញាសា​ប្រយុទ្ធ​នារី ៥៥​គីឡូក្រាម ស្របពេល​កីឡាក​រិ​នី ប៉ាល់ ឆរ​ស្មុ​ី រួមជាមួយ កីឡាការិនី ពៅ​សុខា ទទួលបាន​មេដាយសំរិទ្ធ វិញ្ញាសា​សម្ដែង​ការពារ​ខ្លួន នារី​គូ ផងដែរ​។ ដូច្នេះ​វ៉ូ​វី​ណា​ម ថ្ងៃនេះ ឈ្នះ​មេដាយមាស​១ ប្រាក់​១ និង​សំរឹទ្ធ​១​។

ដោយឡែក​មេដាយមាស​ទី​២ គឺ​លើ​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ WT ដោយ​កីឡាករ វ៉ា មិថុនា ឈ្នះ​លើ​ប្រភេទ​វិញ្ញាសា​បុរស Kyorugi ទម្ងន់​ក្រោម ៧៤​គីឡូក្រាម ក្រោយ​ផ្ដួល​កីឡាករ​ហ្វីលីពីន​ដាច់​ពិន្ទុ ១៤-៣៥​។ ជាមួយគ្នា​ផងដែរ​កីឡាការិនី ឈឿង អា​លីហ្សា ក៏បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ផងដែរ លើ​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ WT វិញ្ញាសា​នារី Kyorugi ទម្ងន់​ក្រោម ៥៧​គីឡូក្រាម​។

លើសពី​នេះ​ក៏មាន​កីឡា ១​ផ្សេងទៀត​រក​មេដាយ​សំរឹទ្ធ ២​បន្ថែម​ឱ្យ​កម្ពុជា គឺ​កីឡា​ចំបាប់ ដោយ​កីឡាការិនី​ចំបាប់​កម្ពុជា ជា កញ្ញា ទទួលបាន​មេដាយ​សំរឹទ្ធ ក្នុង​ទម្ងន់ ៦២​គីឡូក្រាម និង​កីឡាការិនី ឌិ​ត សំណាង ទទួលបាន​មេដាយ​សំរឹទ្ធ ក្នុង​ទម្ងន់ ៥០​គីឡូក្រាម​។​

Turbo tech solutions
HQP