អត្តពលិកកម្ពុជា បន្តរកបានមេដាយមាស បាន ២គ្រឿងបន្ថែមទៀតហើយ នៅថ្ងៃទី១៩ ខែឧសភា នេះ ក្នុងប្រភេទកីឡាចំបាប់ រួមជាមួយ ប៊ូល និងប៉េតង់ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។
មេដាយមាសទី៦ គឺរកបានដោយកីឡាការិនី អ៊ុន ស្រីយ៉ា, ស្រ៊ាង សុរ៉ាឃីម, ឃួន យ៉ារី និង ឌួង ឌីណា ក្រោយប្រកួតឈ្នះម្ចាស់ផ្ទះវៀតណាម លើវិញ្ញាសានារី ៣នាក់ទល់៣នាក់ ដោយពិន្ទុ ១៣-១១។ ក្រៅពីនេះវិញ្ញាសាបុរស ៣នាក់ទល់៣នាក់ កម្ពុជា រកបានត្រឹមមេដាយប្រាក់ ក្រោយចាញ់ថៃ ដោយលទ្ធផល ១-១៣។
កីឡាករ ស៊ូ បាលី ទទួលបានមេដាយមាស ក្រោយយកឈ្នះកីឡាករឡាវ ១០-០ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងវិញ្ញាសាបុរស Freestyle ទម្ងន់១២៥គីឡូក្រាម។ ខណៈចំបាប់នេះ ក៏រកមេដាយប្រាក់ បាន ១បន្ថែមដោយកីឡាករ ម៉ូ សារី ក្នុងវិញ្ញាសាទម្ងន់ ៩៧គីឡូក្រាម។ និងសំរឹទ្ធ២ ដោយកីឡាករ ហេង វុទ្ធី ក្នុងវិញ្ញាសាទម្ងន់ ៨៦គីឡូក្រាម ជាមួយកីឡាករ សឿន សុភាស់ ក្នុងវិញ្ញាសា Freestyle ទម្ងន់ ៥៧គីឡូក្រាម។
គិតត្រឹមថ្ងៃទី១៩ ខែឧសភានេះ កម្ពុជា ឈ្នះមេដាយសរុប ៤០ គ្រឿង ក្នុងនោះមាស ៦គ្រឿង ប្រាក់ ៩គ្រឿង និងសំរឹទ្ធ ២៥គ្រឿង។
សូមបញ្ជាក់ថា មេដាយមាស ៦គ្រឿង មានលើប្រភេទកីឡាឃីកបុកស៊ីង, កីឡាប៊ូល និងប៉េតង់, កីឡាវ៉ូវីណាម, កីឡាតេក្វាន់ដូ WT និងកីឡាចំបាប់។ ចំពោះមេដាយប្រាក់ ៩គ្រឿង លើកីឡាឃីកបុកស៊ីង, កីឡាប៊ូល និងប៉េតង់, កីឡាតេក្វាន់ដូ WT, កីឡាវ៉ូវីណាម និងកីឡាចំបាប់។ មេដាយសំរឹទ្ធ២៥ មាននៅលើកីឡាឃីកបុកស៊ីង, កីឡាប្រណាំងទូក, កីឡាប៊ូល និងប៉េតង់, កីឡាជឺជីតស៊ូ, កីឡាវូស៊ូ, កីឡាតេក្វាន់ដូ WT, កីឡាវ៉ូវីណាម, កីឡាចាំបាប់, កីឡាការ៉ាតេ, កីឡាប្រដាល់សកល និងកីឡាយូដូ៕

