ឃាតករដែលសម្លាប់ស្ត្រីម្នាក់នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីប៉ុន្មានថ្ងៃមុនការពិតជាប្តីរួមរស់ជាមួយគ្នាសោះ

258

ព្រះសីហនុ៖ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៨ និង០០នាទីព្រឹក សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបានបំណែកសំណុំរឿងករណី ឃាតកម្មគិតទុកជាមុនទៅលើស្ត្រីវ័យក្មេងម្នាក់ ដែលបានកើតឡើងកាលពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០១ និង៣០នាទីរំលងអាធ្រាត្រ ស្ថិតក្នុងគ្រលុកមួយកន្លែង នៅបណ្តោយផ្លូវសែនជ័យ ភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

លោក ជួន ណារិន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់អោយដឹងថា ក្រោយពីទទួលបានព័ត៌មានអំពីករណីឃាតុកម្មខាងលើនេះភ្លាមៗ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ ដោយមានការដឹកនាំសម្របសម្រួលនិតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ចុះមកពិនិត្យទីតាំងកើតហេតុខាងលើ និងការស្រាវជ្រាវជាបន្តបន្ទាប់រហូតដល់សមត្ថកិច្ច កំណត់បានអត្តសញ្ញាណជនសង្ស័យ ហើយបានធ្វើការឃាត់ខ្លួនសង្ស័យ ។

ជនរងគ្រោះឈ្មោះ យឹង សៅ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកអនាម័យ ស្រុកកំណើត ភូមិត្រពាំងគគីរ ភូមិល្បើក ស្រុកឈូក ខេត្តកំពត មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជនសង្ស័យឈ្មោះ កែវ ថុល ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្រុកកំណើត ភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្រោយការឃាត់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនបានរួមរស់ជាមួយជនរងគ្រោះរយះពេល២ឆ្នាំហើយ ដោយមិនបានរៀបការទេ មូលហេតុឈានដល់ការសម្លាប់ជនរងគ្រោះនេះ ដោយសារខ្លួននិងជនរងគ្រោះ តែងតែមានជម្លោះនិងគ្នាសឹងរាល់ថ្ងៃ ហើយជនរងគ្រោះប្រើពាក្យសម្តីជេរប្រមាថតិះដៀលមកលើខ្លួន។ រហូតដល់ថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ២២:០០នាទីយប់ ខ្លួនបានបបួលជនរងគ្រោះផឹកស៊ី រហូតដល់វេលាម៉ោង ០១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២១ ខ្លួនបានដឹកជនរងគ្រោះទៅដេកនៅផ្ទះសំណាក់ ខណៈនោះជនរងគ្រោះបានប្រើសម្តីថា មុខហ្អែងគ្មានប្រាក់នាំយើងដេកផ្ទះសំណាក់ទេ មានតែដេកក្នុងព្រៃ ពេលនោះជនសង្ស័យបានជិះម៉ូតូចូលទៅកន្លែងកើតហេតុខាងលើ ដោយទ្រាំនឹងសម្តីជនរងគ្រោះមិនបាន ខ្លួនបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះ ប្រើឧបករណ៍សាកថ្ម វាយក្បាល, វាយភ្នែក , វាយមាត់ ,យកដៃច្របាច់ក បណ្តាលឲ្យសន្លប់ ហើយយកផ្លែឡាម អារករហូតដល់ជនរងគ្រោះដាច់ខ្យល់ស្លាប់ នៅនឹងកន្លែងកើតហេតុ រួចបានរត់គេចខ្លួន ។

ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនិតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត៕

Turbo tech solutions
HQP