ក្មេងប្រុសអាយុ១៥ម្នាក់និងម្នាក់ទៀតអាយុ១៤ឆ្នាំ ឆក់ទូរស័ព្ទដៃពីក្មេងប្រុស៣នាក់អាយុក្រោម១៣ឆ្នាំ ចុងក្រោយត្រូវគេឃាត់ខ្លួនបាន

117

ភ្នំពេញ ៖ ក្មេង​ប្រុស​វ័យ​១៤​ឆ្នាំ និង​១៥​ឆ្នាំ ចំនួន​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​ក្មេង​ប្រុស​៣​នាក់​ទៀត​បាន​សម្រេច ហើយ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​យ៉ាង​លឿន ប៉ុន្តែ​ភ្លាម​ៗ​នោះ ក្មេង​ប្រុស​រង​គ្រោះ​ក៏​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ ព្រមទាំង​ស្រែ​កថា «​ចោរ​ៗ» បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​កំពុង​ការពារ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​នៅ​តាម​ផ្លូវ​នោះ ជួយ​ស្ទាក់​ចាប់​បាន​ភ្លាម​ៗ បន្ទាប់​មក​ក៏​បាន​ប្រគល់​ទៅ​ឲ្យ​នគរបាល​ខណ្ឌ​សែន​សុខ ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់​។

ហេតុការណ៍​ខាងលើ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​ជិត​ភ្លើងស្តុប​ផ្លូវ​វត្ត​អង្គ​តា​មិ​ញ តាម​ផ្លូវ​លេខ​២០០៤ ស្ថិត​នៅ​ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ចបានបញ្ជាក់ថា ក្មេង​ប្រុស​ដែល​ជា​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នោះ​រួម​មាន ១- ឈ្មោះ កុសល ឆាយ​ណា​វីត អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​42N ផ្លូវ​លេខ​៣ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​២- ឈ្មោះ សុខ លី​ហេង អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។ ដោយឡែក​ក្មេង​ប្រុស​រង​គ្រោះ​វិញ​មានឈ្មោះ ឡាយ ឆាយ​ហួរ អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៦ គឺជា​ម្ចាស់​ទូរស័ព្ទ​ម៉ាក IPhone 7plus ដែល​ត្រូវ​ជនសង្ស័យ​ឆក់​យក តែ​មិន​បាន​សម្រេច​។ ទី​២-​ឈ្មោះ ថា និ​ត អាយុ​១១​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៣ និង​ទី​៣- ឈ្មោះ សុធា សីលា អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៥ ក្មេង​ប្រុស​ទាំង​៣​នាក់​នេះ មាន​ទីលំនៅ​ក្នុងភូមិ​សាស្ត្រ សង្កាត់​អូរ បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ចបានបន្តថា នៅ​មុន​ពេល​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ស ១​គ្រឿង ចេញពីផ្ទះ​នៅ​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ទៅ​កាន់​ភូមិ​ប៉ប្រក​ខាងត្បូង ដើម្បី​រក​ទិញ​បាយ​ហូប​។ ប៉ុន្តែ​ពេល​ទៅ​ដល់​រក​ទិញ​អត់​បាន ដោយសារ​តែ​អ្នកលក់​បាយ​លក់​អស់​ទៅ​ហើយ ទើប​ជិះ​ម៉ូតូឌុប​គ្នា​បក​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ ម្ដាយ​ក៏​បាន​ខ​លម​ក ទើប​ក្មេង​ប្រុស​ឈ្មោះ ឡាយ ឆាយ​ហួរ លើក​ទូរស័ព្ទ​និយាយ​ជាមួយ​ម្ដាយ​។

នគរបាល​ដដែល​បានន្ថែមថា ក្រោយ​ពេល​និយាយ​ជាមួយ​ម្ដាយ​ចប់ ក៏​បាន​ទុក​ទូរស័ព្ទ​នៅ​ក្នុង​ឃ្លុប​ម៉ូតូ​ខាង​មុខ​វិញ ពេល​នោះ​ស្រាប់តែ​មាន​ក្រុម​ក្មេង​ប្រុស​ដែល​ជា​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ​1JA-0218 ទៅ​ដល់​ល្មម ។ បន្ទាប់​មក​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​បាន​សម្រេច ហើយ​ភ្លាម​ៗ​នោះ ក្មេង​ប្រុស​រង​គ្រោះ​បាន​ស្រែ​កថា «​បង​ឲ្យ​ទូរស័ព្ទ​មក​ខ្ញុំ​វិញ​» ប៉ុន្តែ​ក្រុម​ជនសង្ស័យ​មិន​ព្រម​ឲ្យ ព្រមទាំង​បាន​ចង្អុលមុខ​គំ​រា​.​ម​ថែម​ទៀត រួច​ក៏​បាន​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​។ ខណៈ​ពេល​នោះ ក្មេង​ប្រុស​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ព​ពីក្រោយ និង​ស្រែ​កថា «​ចោរ​ៗ» បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​កំពុង​តាម​ការពារ​សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​នៅ​តាម​ផ្លូវ​។ ហើយ​នគរបាល​ក៏​បាន​ជួយ​ធ្វើការ​ស្ទាក់ រហូត​ដល់​ត្រង់​ចំណុច​ជិត​ផ្សារ​ពោធិ៍​ចិន​តុង តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ទើប​នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​។

ក្រោយមក ដោយសារ​តែ​កន្លែង​កើតហេតុ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​សែន​សុខ ទើប​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រគល់​ក្មេង​ប្រុស​សង្ស័យ​ទៅ​ឲ្យ​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់​ជា​បន្ត​ទៀត​៕

Turbo tech solutions
HQP