ប៊ូខាវថាគេនឹងប្រកួតអោយអស់ពីសមត្ថភាពក្រោយខកខានឡើងសង្វៀនប្រមាណ៣ឆ្នាំដោយសារបញ្ហាកូវីដ

107

កីឡា : ជើង​ខ្លាំង​ប្រដាល់​ថៃ​ Buakaw Banchamek (​ប៊ូ​ខាវ​) បានបង្ហាញ​ពី​ការត្រៀមខ្លួន​រួចរាល់ដើម្បី​បង្ហាញ​សមត្ថភាព​ជាថ្មីនៅក្នុង​កម្មវិធី​ «​សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក ឬ​ World Fight Tournament 2022 / Kun Khmer Series» ​នា​ថ្ងៃទី​០៦ ខែកក្កដា​ខាងមុខនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បន្ទាប់ពី​ខ្លួន​បាន​ខកខាន​ប្រកួត​អស់​រយៈពេល​ប្រមាណ ៣​ឆ្នាំដោយសារ​បញ្ហា​កូ​វីដ​-១៩។​

ថ្លែងប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពី​ធ្វើដំណើរ​មកដល់​កម្ពុជាកាលពី​ល្ងាច​ថ្ងៃទី​០៣ ខែកក្កដា​ម្សិលមិញ ដែល​ទទួល​ស្វាគមន៍​ដោយ​លោក តូ​នី អាន់ ប្រធាន​ស្ថាន​ប័ន​ World Fight ​ប៊ូ​ខាវ បាន​សម្ដែង​ការពេញចិត្តចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​ World Fight ​ដែលជា​កម្មវិធី​មួយ​ដ៏​ធំ ហើយ​រូបគេ​បាន​ប្ដេជ្ញា​នឹង​ខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព មិន​ឲ្យ​អ្នកទស្សនា​ខកបំណង​ឡើយ ពិសេស​ជំនួប​លើកដំបូងជាមួយ​កីឡាករ​ប៉េ​ឡា​រុស​ Varats Dzmitry ​តែម្ដង។​ ​​គួរ​ដឹងថា ប៊ូ​ខាវនឹងត្រូវ​ប៉ះ​ជើង​ខ្លាំង​ Varats Dzmitry ​ក្នុងនាម​គូ​ទី​៤ នៃ​កម្មវិធី​ «​សង្វៀន​គុន​ខ្មែរ​ជើងឯក​ពិភពលោក​» នា​ល្ងាច​ថ្ងៃ​ពុធ​នេះ។ រីឯ​គូប្រកួត ៤​គូ​ផ្សេងទៀតសុទ្ធ​តែមាន​កីឡាករ​-​កីឡាការិនី​កម្ពុជាត្រូវ​តតាំង​ជាមួយ​កីឡាករ​បរទេស ដូចជា​កីឡាករ កាន់ ម៉េង​ហុង ជួប​កីឡាករ​អូ​ស្ដ្រី​លី​ Dylan Eagle ​ទម្ងន់ ៥៥,៣​គីឡូក្រាម។ កីឡាករ បឺត សង្ឃឹម ជួប​ជើង​ខ្លាំង​ថៃ​ Penthep Eakmuangnon ​ទម្ងន់ ៥៧,២​គីឡូក្រាម។ កីឡាករ ម៉ឺន មេ​ឃា ជួប​កីឡាករ​ប្រេ​ស៊ី​ល​ Felype Souza ​ទម្ងន់ ៦១,២​គីឡូក្រាម និង​កីឡាការិនី ទូច ច័ន្ទ​វ​ត្តី ជួប​កីឡាការិនី​អេ​ស្ដូ​នី​ Marie Ruumet​។​

​ចំពោះ​អាជ្ញាធរ​កីឡារួមមាន​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរបាន​សម្ដែង​ការគាំទ្រ​ពេញទំហឹង ចំពោះ​ការរៀបចំ​កម្មវិធី​នេះ​ឡើងដែល​នឹង​ផ្ដល់នូវ​អត្ថប្រយោជន៍​ជាច្រើន ទាំង​ការជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​គុន​ខ្មែរលើ​ឆាក​អន្ដរជាតិ​ផង និង​ផ្សព្វផ្សាយ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផង។ ព្រឹត្តិការណ៍​នេះនឹងមាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​ទៀតផង៕

Turbo tech solutions
HQP