ភ្នំពេញ៖ មហាជនមួយចំនួនបាននាំគ្នាចំអកឡកឡឺយ ក្រោយដឹងពីអាយុពិតរបស់តារាសម្តែង រចនា រ៉ាវាឌី ដែលទើបតែចូល២២ឆ្នាំនៅឆ្នាំថ្មីនេះ បន្ទាប់ពីតារារូបនេះ បានប្រកាសរីករាយថ្ងៃខួបកំណើតនៅលើបណ្តាញសង្គមហ្វេសប៊ុក។ ការឡកឡឺយរបស់មហាជននោះ គឺអ្នកខ្លះចំអកថា តាមរូបរាងរបស់នាងគឺមិនសាកសមនឹងអាយុ២២ឆ្នាំនេះឡើយ ពោលគឺសមអាយុច្រើនជាងនេះ ខណៈពេលមហាជនខ្លះទៀត ក៏បានចំអកទៅលើអាកប្បកិរិយារបស់តារាស្រីរូបនេះមួយចំនួនទៀតផងដែរ។
អ្នកគាំទ្រ រចនា រ៉ាវាឌី បានឆ្លើយតបការរិះគន់ទាំងអស់នេះដោយចាស់ដៃថា តើមានបញ្ហាអីចំពោះអាយុគាត់?? គ្រាន់តែគាត់អាយុ២២ឆ្នាំ ហេតុអីត្រូវលើករូបរាង និងអាយុគាត់មកធ្វើជាប្រធានបទមើលស្រាលចំអកគេដែរ? ។
កត់សម្គាល់ឃើញថាតារាសម្តែង រចនា រ៉ាវាឌី បានប្រារព្ធពិធីខួបកំណើតរបស់ខ្លួនកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ដោយនៅក្នុងនោះនាងបានទទួលសារជូនពរជាច្រើនពីសំណាក់មិត្តភក្តិ ជាពិសេសបណ្តាប្រិយមិត្តដែលគាំទ្ររូបនាង។
ដោយឡែកក្នុងឱកាសខួបកំណើតនាឆ្នាំនេះដែរ ស្រីស្អាត រចនា រ៉ាវាឌី បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន១ពាន់ដុល្លារជូនដល់មន្ទីរពេទ្យគន្ធបុប្ឋាផងដែរ។ ជាមួយនឹងការចែករំលែកថវិកានេះតារាស្រីដែលកំពុងមានទីផ្សារការងារសិល្បៈខ្ពស់រូបនេះ ក៏បានភ្ជាប់ជាមួយនឹងសារបង្ហោះតាមហ្វេសប៊ុកថា ក្នុងថ្ងៃខួបកំណើតរបស់ខ្ញុំចង់ចែករំលែកក្តីស្រឡាញ់ និងចង់សម្រាកទុកលំបាកខ្លះសម្រាប់មន្ទីរពេទ្យដ៏អស្ចារ្យមួយនេះ។ នាងថា ជាកន្លែងដែលជួយសង្គ្រោះសម្រាលទុក្ខលំបាកក្មេងៗខ្មែរទូទាំងប្រទេស មនុស្សយើងមិនអាចជ្រើសរើសកើតកន្លែងល្អបានទេ តែយើងអាចជ្រើសធ្វើល្អបាន៕







