ព័ត៍មានបន្ថែម! អាជ្ញាធរសម្រេចបើកការចេញ-ចូលផ្សារចាស់ឡើងវិញ ក្រោយក្រុមគ្រូពេទ្យបានយកសំណាកអ្នកពាក់ព័ន្ធជំងឺកូវីដរួចរាល់

455

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរសម្រេចបើកការចេញ-ចូល ផ្សារចាស់ ស្ថិតក្នុងខណ្ឌដូនពេញឡើងវិញ ក្រោយក្រុមគ្រូពេទ្យបានចុះយកសំណាកអ្នកពាក់ព័ន្ធជំងឺកូវីដ១៩ រួចរាល់។

អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីបិទផ្លូវ និងបិទការចេញចូលមួយរយៈ ដើម្បីយកសំណាកអាជីវករ និងអ្នកពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩នោះ អាជ្ញាធរបានសម្រេចបើកការចេញចូលផ្សារចាស់ឡើងវិញដូចធម្មតា។

គួរជម្រាបថា អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅផ្សារចាស់ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមេសា សូមតាមដានសុខភាពរបស់ខ្លួន ក្នុងករណីមានរោគសញ្ញាសង្ស័យសូមទៅពិនិត្យសំណាក និងដាក់ខ្លួននៅដាច់ដោយឡែក។

តាមរយៈ Facebook អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានបញ្ជាក់ថា ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីរកឃើញថា អាជីវករលក់បន្លែ និងលក់ចាប់ហួយ បានកើតជំងឺកូវីដ១៩។ ក្នុងនោះ ក៏មានអ្នកកើតជំងឺកូវីដ១៩ ធ្លាប់ទៅបានកន្លែងប្ដូរចិញ្ចៀនផងដែរ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានបញ្ជាក់យ៉ាងដូច្នេះថា 

«សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅដើរផ្សារទិញបន្លែ, ទិញចាប់ហួយ និងកន្លែងលក់គ្រឿងអលង្ការ នៅផ្សារចាស់ ទីតាំងស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ មូលហេតុ អ្នកជំងឺកូវីដ១៩ ជាអ្នកលក់បន្លែ, អ្នកជំងឺកូវីដ១៩ ជាអ្នកលក់ចាប់ហួយ, អ្នកជំងឺកូវីដ១៩ ទៅប្តូរចិញ្ចៀន សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ»៕

Turbo tech solutions
HQP