ភ្នំពេញ៖ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព កញ្ញា ចំរើន សុភ័ក្ដ្រ ម្ចាស់ពាន The mask Singer Cambodia បង្ហាញអារម្មណ៍តូចចិត្តនឹងខ្លួនឯង ដែលជាតារាចម្រៀងមួយរូបមិនសូវមានអ្នកស្គាល់ ហើយថែមទាំងត្រូវបានមហាជនច្រឡំមុខមាត់ខ្លួនឯងជាមួយនឹងតារាចម្រៀងផ្សេងៗទៀត។
មុនឈានដល់ការបង្ហាញសារដែលតារាចម្រៀងស្រីវ័យក្មេង កញ្ញា ចំរើន សុភ័ក្ដ្រ បង្ហាញអារម្មណ៍តូចចិត្តនឹងខ្លួនឯងនោះ យើងសូមរំលឹកថា តារាចម្រៀងស្រីរូបនេះ ទទួលបានការចាប់អារម្មណ៍ និងកើនប្រជាប្រិយភាពខ្លាំង ក្រោយកញ្ញាបានប្រឡងជាប់ក្នុងកម្មវិធីប្រឡងចម្រៀង The mask Singer Cambodia រដូវកាលទី១ ដែលជាកម្មវិធីប្រឡងចម្រៀងលាក់មុខ ឬហៅថាបែបឌីជីថល និងបានក្លាយជាម្ចាស់ពាន The mask Singer Cambodia ផងដែរ។
គ្រានោះ តារាស្រីវ័យក្មេងរូបនេះ បានធ្វើអោយគណៈកម្មការ រួមទាំងទស្សនិជនពេញចិត្តទៅលើសមត្ថភាពកញ្ញាជាខ្លាំងតែម្ដង។ មួយវិញទៀត បច្ចុប្បន្ននេះ តារាចម្រៀងស្រីវ័យក្មេង កញ្ញា ចំរើន សុភ័ក្ដ្រ តែងតែលេចមុខយ៉ាងសកម្មលើឆាកប្រគំតន្ត្រីតាមរាជធានី-ខេត្តនានា និងកំពុងកាក់កបគួរអោយកត់សម្គាល់លើវិស្ស័យសិល្បៈ ដោយមានអ្នកជំនួញអនឡាញជាច្រើនហៅកញ្ញាទៅប្រម៉ូតប្រេនផលិតផលជាហូរហែទៀតផង។
ដោយឡែក ក្រោយឃើញការលើកឡើងរបស់ផេកគាំទ្រតារាខ្មែរខាងលើភ្លាម ស្រាប់តែតារាចម្រៀងស្រីរូបនេះ ក៏ធ្វើការស៊ែរបន្ត និងលើកឡើងបង្ហាញអារម្មណ៍តូចចិត្តនឹងខ្លួនឯង ដែលជាតារាចម្រៀងមួយរូប ដែលមហាជនតែងតែយល់ច្រឡំជាតារាចម្រៀងនេះ តារាចម្រៀងនោះ ដោយហៅមិនចំឈ្មោះកញ្ញា បែរជាទៅហៅឈ្មោះតារាចម្រៀងផ្សេងទៅវិញ។
នេះបើតាមខ្លឹមសាររបស់តារាខម្រៀងស្រី ចំរើន សុភ័ក្ដ្រ បាននិយាយថា «ពេលខ្លះក៏តូចចិត្តខ្លួនឯង ដែលមានតែពានតែគ្មានឈ្មោះ មានឈ្មោះហើយតែគេមិនស្គាល់ទៀត ពេលខ្លះគេស្គាល់ហើយតែស្គាល់មិនច្បាស់ ដល់ពេលគេស្គាល់ច្បាស់ បែរជាគេនិយាយថា សួស្តី idol ញុំស្រលាញ់បងណាស់បង បាន មុន្នីល័ក្ខ ពេលខ្លះ សួស្តីបង ញុំ fan បងឯងហាបង ប៉ាច គីមមួយ ពេលខ្លះចុះមកពីឆាក សួស្តីបងស្រលាញ់បងណាស់អោបផងថើបផង ពេលណាបានបងឯងមកទៀត បងឈីន រតនៈ។ ពេលខ្លះ សូមអត់យល់មុខខ្ញុំ ដើរដូចគេគ្រប់គ្នាម៉ង តែភាគច្រើន៣នាក់នឹងតែម្ដង»។
ក្រោយឃើញការលើកឡើងលេងសើចរបស់អាយដលខ្លួនភ្លាម ស្រាប់តែមានហ្វេនៗជាច្រើនចូលទៅខមិនជាច្រើនហូរហែថា «ជារឿងធម្មតាទេ អាយដល ផ្លូវមានកោង មានស្មើ ហាសហា Caption និងកំសត់ ក៏កប្លែង? និងនៅមានពាក្យសម្ដីលេបខាយបែបលេងសើចជាច្រើនទៀត ដែលយើងពុំអាចរៀបរាប់អស់បានឡើយ»។
សូមរំលឹកថា តារាចម្រៀងស្រីកញ្ញា ចំរើន សុភ័ក្ដ្រ តែងតែធ្វើអោយមហាជនពេញចិត្ត និងរូបនាងខ្លាំង តាមរយៈការលើកស្ទួយ និងបើកបង្ហាញអំពីវប្បធម៌ អរិយធម៌ នៅលើបណ្ដាញសង្គមអោយពិភពលោកទទួលស្គាល់ ដូចជាការបង្ហាញល្ខោនខោលខ្មែរលើបណ្ដាញសង្គម ការអំពាវនាវ និងទទូចអោយជួយគាំទ្រ និងទ្រទ្រង់វិស្ស័យក្រុមតន្ត្រីភ្លេងខ្មែរ។
តួយ៉ាងដូចកាលពីកន្លងទៅ កញ្ញាបានលើកយកបទចម្រៀងមួយបទជាទម្រង់បទមហោរី ដែលមានចំណងជើង ខ្មែរសីសាកេត មកបកស្រាយក្នុងកម្មវិធីមួយ ដោយស្ដាប់ទៅពិតជាពីរោះ និងអន្លង់អន្លួចស្ដាប់មិនចេះជិនណាយតែម្ដង។



