កាលពីខែមករាការរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រនៅប្រទេសឥណ្ឌូនេសុីដែលវាយប្រហារកោះSulawesi បានសម្លាប់មនុស្សជាង ១០០ នាក់រួចមកហេីយ។ រំលងតែមួយសប្តាហ៍ប្រទេសឥណ្ឌូនេសុីក៏ត្រូវបានវាយប្រហារដោយព្យុះCycloneម្តងទៀត ដែលបង្កជាការបាក់ដី និងគ្រោះទឹកជំនន់ដែលបានសម្លាប់មនុស្សជាង ១៧០ នាក់នៅលើកោះនានាក្នុងខេត្ត Nusa Tenggara ភាគខាងកេីត ប៉ុន្តែក្នុងថ្ងៃទី១១ មេសា នេះ គ្រោះរញ្ជួយដីក៏បានកេីតឡេីងម្តងទៀតនៅកោះជ្វាភាគខាងត្បូង។
យោងតាមប្រភពព័ត៍មានCNAចុះផ្សាយថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោកJoko Widodo បានបញ្ជាឱ្យមានការខិតខំប្រឹងប្រែងជួយសង្គ្រោះភ្លាមៗបន្ទាប់ពីមនុស្ស ៨ នាក់បានស្លាប់នៅក្នុងហេតុការណ៍ការរញ្ជួយដីដែលបានវាយប្រហារនៅកោះជ្វាភាគខាងត្បូង។លោកបាននិយាយនៅក្នុងសុន្ទរកថា “ខ្ញុំបានបញ្ជាឱ្យមានការសង្គ្រោះជាបន្ទាន់ដើម្បីស្វែងរកជនរងគ្រោះដែលកំពុងស្ថិតនៅក្រោមគំនរបាក់បែកដើម្បីសង្គ្រោះនិងព្យាបាល” ។លោកJoko Widodo ក៏បានណែនាំប្រជាជនឱ្យមានការប្រុងប្រយ័ត្នដោយលោកបានលេីកឡេីងថានៅពេលប្រទេសឥណ្ឌូនេស៊ីកំពុងប្រឈមនឹងភ្នំភ្លើង “Ring of Fire” នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកគ្រោះមហន្តរាយធម្មជាតិ ការរញ្ជួយដីអាចកើតឡើងគ្រប់ពេលវេលាហើយលោកបានបន្ថែមថាប្រជាជនឥណ្ឌូនេស៊ីគួរតែត្រៀមខ្លួនជានិច្ច។
ទីភ្នាក់ងារគ្រោះមហន្តរាយ BNPB បាននិយាយថាមនុស្ស ៨នាក់បានស្លាប់និង ៣នាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរដោយគ្រោះធម្មជាតិរញ្ជួយដីមួយនេះដែលមានទំហំ ៥.៩ រិចទ័រកាលពីថ្ងៃសៅរ៍និងអគារជាង ១.១៨០កន្លែងបានរងការខូចខាត ប៉ុន្តែភាគច្រើនគឺរងប៉ះទង្គិចបន្តិចបន្តួច។ រីឯរូបភាពនៅក្នុងប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ីបានបង្ហាញថាផ្ទះរបស់ប្រជាជនខ្លះត្រូវខូចខាតយ៉ាងដំណំ។
តាមប្រភពព័ត៍មានដដែលបានបញ្ជាក់ទៀតថា រាជរដ្ធាភិបាលបានរៀបចំ ជំរំបណ្តោះអាសន្នសម្រាប់ប្រជាជនផ្លាស់ទីលំនៅចំនួន២កន្លែងនៅទីប្រជុំជនLumajang។ អ្នកស្លាប់និងរបួសទាំងអស់ត្រូវបានរាយការណ៍ពីស្រុកចំនួន ១៥ស្រុកនិងក្រុងនានានៅកោះជ្វាខាងកើត ដែលជាខេត្តដែលនៅជិតបំផុតនៃចំណុចរញ្ជួយដែលបានវាយប្រហារនៅមហាសមុទ្រឥណ្ឌា។
