គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣ សីហា​នេះ ក្រុម​អត្ត​ព​លិ​ក​ជន ពិការ​កម្ពុជា ឈ្នះ​បាន​មេដាយ​ចំនួន ១៣ គ្រឿង​ហើយ​

126

ភ្នំពេញ ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣ ខែសីហា​នេះ ក្រុម​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា ឈ្នះ​បាន​មេដាយ​ចំនួន ១៣ គ្រឿង ហើយដោយទទួលបានមេដាយមាស ៣ គ្រឿង ប្រាក់ ៦ គ្រឿង និង​សំរឹទ្ធ ៤ គ្រឿង ក្នុងការ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ ឆ្នាំ​២០២២ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។​

​ដោយឡែក នៅ​ព្រឹក​ថ្ងៃទី​៣ ខែសីហា នេះ ក្រុមកីឡា​ការិនី​បាល់ទះ អង្គុយ​ជនពិការ​កម្ពុជា ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ក្នុង​វគ្គ​សន្សំ​ពិន្ទុ នៅក្នុង​ព្រឹត្តិការណ៍​អាស៊ាន ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ ឆ្នាំ​២០២២ នេះ ជា​បន្តទៀត ។​

​សម្រាប់​វិញ្ញាសា​បាល់ទះ​អង្គុយ​ជនពិការ ផ្នែក​នារី​នេះ មានតែ ៣ ប្រទេស​ប៉ុណ្ណោះ ដែល​បាន​បញ្ជូនមក​ចូលរួម​ប្រកួត អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ ឆ្នាំ​២០២២ នេះ គឺ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ថៃ និង កម្ពុជា​។ រីឯ​រូបមន្ត​នៃ​ការប្រកួត ក្រុម​នីមួយៗ ត្រូវ​ប៉ះគ្នា​ពីរដង ក្នុង​វគ្គ​សន្សំ​ពិន្ទុ មុនពេល​ប្រកួត​វគ្គ ផ្តាច់ព្រ័ត្រ​។​

​ក្រុមកីឡា​ការិនី​បាល់ទះ​អង្គុយ​ជនពិការ​កម្ពុជា នៅ​មិនទាន់​អស់​ឱកាស​ឡើង ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ឡើយ បើទោះបី​បាន​ចាញ់ ២ ប្រកួត​ជាប់​គ្នា គឺ​ចាញ់​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ០-៣ (៨-២៥, ៨-២៥, ៦-២៥) និង​ចាញ់​ក្រុម​នារី​ថៃ ០-៣ (១២-២៥, ១៥-២៥, ១៥-២៥) វគ្គ​សន្សំ​ពិន្ទុ​។ ថ្ងៃទី​៣ សីហា វេលា​ម៉ោង ១១ ព្រឹក​នេះ ក្រុម​នារី​កម្ពុជា ត្រូវ​ប្រកួត​ជាមួយ​ក្រុម​នារី ឥណ្ឌូណេស៊ី ជា​លើក​ទី​២ ។

​ទោះបីជា​យ៉ាងណា តាម​ពិន្ទុ​បណ្តោះអាសន្ន ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី ស្ថិតនៅ​លេខ​១ ថៃ​លេខ​២ និង​កម្ពុជា​លេខ​៣​។ តាម​រូបមន្ត​ប្រកួត បន្ទាប់ពី​ចប់​វគ្គ​សន្សំ​ពិន្ទុ ក្រុម​លេខ​១ ប្រកួត​ជាមួយ​ក្រុម​លេខ​២ ដើម្បី​ដណ្តើម​មេដាយមាស ខណៈ​ក្រុម​លេខ​៣ ទទួលបាន​មេដាយ​សំរឹទ្ធ។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣ ខែសីហា​នេះ ក្រុម​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា ឈ្នះ​បាន​មេដាយ​ចំនួន ១៣ គ្រឿង ហើយ គឺ​មាស ៣ ប្រាក់ ៦ និង​សំរឹទ្ធ ៤ ក្នុងការ​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ ឆ្នាំ​២០២២ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​៕

Turbo tech solutions
HQP