អ៊ុយក្រែន វាយដណ្តើមយកបានទឹកដី ៦០០០ គីឡូម៉ែត្រការ៉េ ពីរុស្ស៊ី

88

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា កងកម្លាំងរបស់លោកបានដណ្តើមយកមកវិញនូវទឹកដីទំហំ ៦០០០គីឡូម៉ែត្រការ៉េពីរុស្ស៊ី ក្នុងការវាយប្រហារតបត ក្នុងខែនេះ។

លោក Zelensky បានលើកឡើងនៅក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់ខ្លួន កាលពីថ្ងៃចន្ទទី១២ខែកញ្ញាថា “ចាប់តាំងពីដើមខែកញ្ញាមក ទាហានរបស់យើងបានរំដោះទឹកដីអ៊ុយក្រែនចំនួន ៦០០០ គីឡូម៉ែត្រការ៉េនៅភាគខាងកើត និងខាងត្បូង ហើយយើងកំពុងបន្តទៅមុខទៀត”។ ស្របពេលជាមួយគ្នានោះដែរ អ្នក​នាំ​ពាក្យសេវាចារកម្ម​យោធា​អ៊ុយក្រែន​ បានអះអាង​ថា ទាហាន​រុស្ស៊ី ​កំពុង​ចុះចាញ់ជាទ្រង់ទ្រាយធំ ដោយសារពួកគេ​យល់ដឹងពី​ស្ថានភាព គ្មានសង្ឃឹមឈ្នះ។

ចំណែក បើយោងតាមទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Oleksiy Arestovich, មានអ្នកទោសសង្រ្គាមច្រើននាក់ណាស់ ប្រទេសនេះអស់កន្លែងដាក់ពួកគេហើយ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Arestovich មិនបានបញ្ជាក់ចំនួនអ្នកទោសរុស្ស៊ីទេ ប៉ុន្តែ និយាយថា ពួកគេនឹងត្រូវដោះដូរជាមួយទាហានអ៊ុយក្រែនដែលឃុំឃាំងដោយទីក្រុងមូស្គូ។

ការរបូតទឹកដីនេះ បានកត់សម្គាល់ជាបរាជ័យដ៏ធំបំផុតមួយរបស់រុស្ស៊ី ចាប់តាំងពីកងទ័ពរបស់ខ្លួនត្រូវបានជំរុញឲ្យចេញពីទីក្រុង កៀវ នៅថ្ងៃដំបូងនៃការលុកលុយរបស់ខ្លួន នៅថ្ងៃទី២៤ខែកុម្ភៈ៕

Turbo tech solutions
HQP