កាសែតថៃ ចេញមកបកស្រាយជុំវិញករណីមានការបង្ហោះថា មានយុវជន ៣នាក់ហ៊ានលក់ក្រលៀន ដើម្បីទិញ iPhone 14

57

ថៃ៖ រូបភាពមួយសន្លឹកដែលបង្ហាញថា មានយុវជនចំនួន ៣នាក់ បានសម្រេចលក់ក្រលៀនរបស់ពួកគេ ដើម្បីយកប្រាក់ទៅទិញទូរស័ព្ទ iPhone 14 ត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម Facebook  ដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងបណ្តាប្រទេសអាស៊ានមួយចំនួន និងជាពិសេសនោះគឺនៅក្នុងប្រទេសថៃតែម្តង។

បន្ទាប់ពីបាន​ប្រទះឃើញរូបភាពដ៏ហួសចិត្តនេះហើយ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានធ្វើការរិះគន់ចំពោះក្រុមយុវជនទាំងនោះថា ហេតុអ្វីបានជាពួកគេមានទំនោរសម្ភារៈនិយមដល់ថ្នាក់ហ្នឹង ពោលគឺហ៊ានលះបង់សុខភាពដែលមានតម្លៃស្មើនឹងអាយុជីវិតទៅប្តូរយកទូរស័ព្ទត្រឹមតែមួយគ្រឿង។ អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះវិញបាននាំគ្នារិះគន់ដល់ក្រុមគ្រូពេទ្យនិងអាជ្ញាធរមានសមត្ថកិច្ច ដែលបណ្តោយឲ្យរឿងដ៏ហួសហេតុមួយនេះកើតជាសាធារណៈនិងគ្មានចាត់វិធានការអ្វីទប់ស្កាត់ទាល់តែសោះ។

​ដើម្បីឆ្លើយតបក៏ដូចជាបកស្រាយចំពោះរឿងរ៉ាវខាងលើនេះ ការសែត The Thaiger របស់ថៃកាលពីយប់ថ្ងៃយប់ថ្ងៃច័ន្ទ ទី១២ ខែកញ្ញានេះបានចុះផ្សាយអត្ថបទមួយបញ្ជាក់ថា យុវជនទាំង ៣នោះមិនមែនជាយុវជន​ថៃឡើយ តែពួកគេជាពលរដ្ឋឡាវហើយរូបភាពនោះត្រូវបានបង្ហោះដំបូងនៅក្នុងប្រទេសឡាវតែម្តង ហើយបន្ទាប់មកទើបមានការចែករំលែកបន្តយ៉ាងផុសផុលនៅក្នុងប្រទេសថៃ។

ប្រភពខាងលើបានបញ្ជាក់ទៀតថា ចំពោះសកម្មភាពនៃការវះកាត់ក្រលៀននោះទៀតសោធ គឺមិនមែនការពិតឡើយតែវាគ្រាន់តែជាការរៀបចំថតលេងក្នុងគោលបំណងធ្វើឲ្យអ្នកមើលមានការភ្ញាក់ផ្អើលប៉ុណ្ណោះ។ អាស្រ័យដូចហេតុនេះសូមអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់មេត្តជ្រាបជាព័ត៌មាន និងឈប់ធ្វើការរិះគន់ចំពោះក្រុមគ្រូពេទ្យនិងអាជ្ញាធរបន្តទៀត ព្រោះអាជ្ញាធរនឹងមិនបណ្តោយឲ្យរឿងដ៏រសើបនេះកើតឡើងក្នុងសង្គមជាសាធារណៈដូចនេះឡើយ​​ បើទោះជានៅក្នុងវិស័យវេជ្ជសាស្រ្តមានការវះកាត់ផ្លាស់ប្តូរក្រលៀនក៏ពិតមែន៕

ប្រភព៖ The Thaiger

Turbo tech solutions
HQP