អបអរសាទរ! យុវជនកម្ពុជាម្នាក់ ទទួលជ័យលាភីលេខ២ ក្នុងចំណោមយុវជនមកពី២៧ប្រទេស ក្នុងការប្រកួតបង្ហាញស្នាដៃឆ្នើមក្នុងកិច្ចការពារបរិស្ថាន

50

ភ្នំពេញ៖ លោក លាន សុខលាភ ទទួលបានជ័យលាភីលេខ២ ក្នុងចំណោមយុវជនឆ្នើមចំនួន២៧ប្រទេស នៅក្នុងការប្រកួតគំនូរតំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីអូហ្សូន ចំពោះបរិយាកាស (Ozone2Climate) នាឆ្នាំ២០២២។ ជ័យលាភីនឹងប្រកាសនៅថ្ងៃទី១៦ ខែកញ្ញានេះ ដោយគណៈកម្មការនៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP)។

លោក លាន សុខលាភ អាយុ២១ឆ្នាំ បច្ចុប្បន្នជានិស្សិតឆ្នាំទី៣ ជំនាញវិស្វកម្មសំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងបានក្លាយជាយុវជនតំណាងកម្ពុជា ក្នុងការចូលរួមប្រកួតស្នាដៃគំនូរយុវជនតំបន់អាស៊ីប៉ាស៊ីហ្វិក ស្តីពីអូហ្សូន ចំពោះបរិយាកាសឆ្នាំ២០២២ បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការជ្រើសរើសថ្នាក់ជាតិ កាលពីខែមិថុនា កន្លងទៅ។

គួរបញ្ជាក់ថា នៅក្នុងការដាក់ប្រឡងនៅតាមប្រទេសនីមួយៗក្នុងតំបន់ ក្រុមការងារអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ បានទទួលស្នាដៃសិល្បៈជាង ៥,០០០ស្នាដៃ ក្នុងនោះគេបានធ្វើការបែងចែកជា៣ប្រភេទរួមមានដូចជា៖ រូបគំនូរ ការថតរូប និងការរចនាក្រាហ្វិច តាមរយៈអនឡាញ។ ក្នុងចំណោមស្នាដៃដែលត្រូវជ្រើសរើសសម្រាប់យកទៅប្រកួតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះមានស្នាដៃសិល្បៈគំនូរចំនួន ៩៨ផ្ទាំង ដែលជាស្នាដៃយុវជនមកពី២៧ប្រទេស។

ស្នាដៃគំនូររបស់យុវជនកម្ពុជា លាន សុខលាភ កើតចេញពីទេពកោសល្យធម្មជាតិ គួរជាទីចាប់អារម្មណ៍ និងព្រមទាំងបង្កប់ទៅដោយ អត្ថន័យអប់រំឱ្យសាធារណជនចូលរួម ក្នុងសកម្មភាពមេត្រីបរិស្ថាន កិច្ចការពារស្រទាប់អូហ្សូន កាត់បន្ថយការកើនកំដៅភពផែនដី ដើម្បីភពផែនដីស្រស់ស្អាត។

លោក លាន សុខលាភ បានឱ្យដឹងថា គំនូររបស់លោក បានរំលេចពីសារៈសំខាន់ នៃស្រទាប់អូហ្សូន មូលហេតុផលប៉ះពាល់ ដល់ស្រទាប់អូហ្សូន ព្រមទាំងបានលើកទឹកចិត្ត ប្រជាពលរដ្ឋ ចូលរួមថែរក្សាស្រទាប់អូហ្សូន តាមវិធីសាស្រ្តងាយប្រចាំថ្ងៃ ដូចជា ជិះកង់ ដើរហាត់ប្រាណ កាត់បន្ថយការប្រើប្រាស់ឥន្ធនៈផូសីល និងម៉ាស៊ីនត្រជាក់ដែលប្រើប្រាស់សារធាតុត្រជាក់មិនបំផ្លាញស្រទាប់អូហ្សូន និងមានសក្ដានុពលកំដៅសកលទាប ដោយប្រើប្រាស់ខ្យល់ធម្មជាតិ សន្សំសំចៃថាមពល ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន។

អបអរសាទរ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ឆ្នាំ២០២២ ដែលបានរៀបចំឡើង ក្រោមប្រធានបទ «ខួប៣៥ឆ្នាំនៃពិធីសារម៉ុងរ៉េអាល់៖ សហប្រតិបត្តិការជាសាកល ការពារជីវិតនៅលើផែនដី» (Montreal Protocol@35: global cooperation protecting life on earth) ដើម្បីបំផុសប្រជាជន គ្រប់មជ្ឈដ្ឋានឱ្យយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃស្រទាប់អូហ្សូនសម្រាប់ជីវិតលើភពផែនដី និងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត សំដៅថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្តៅភពផែនដី៕

Turbo tech solutions
HQP