អតីតយោធា​ដែលបាញ់សម្លាប់គូដណ្ដឹង​ ត្រូវបានបញ្ជូនមកតុលាការនៅព្រឹកនេះ

62

ភ្នំពេញ៖ បុរសជនសង្ស័យ យឺន វ៉ាន់ដេត អាយុ ២៨ ឆ្នាំ អតីតយោធាស័ក្ដិ៤ ក្នុងឃាតកម្មបាញ់សម្លាប់គូដណ្ដឹងជានិស្សិតពេទ្យ កាលពីជាង២ឆ្នាំមុនត្រូវបានបញ្ជូនមកដល់តុលាការរាជធានីភ្នំពេញហើយនៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២។

ជនសង្ស័យរូបនេះបានរត់គេចខ្លួនទៅប្រទេសថៃរយៈពេលជាង ២ ឆ្នាំ បន្ទាប់ពីបាញ់សម្លាប់នារីដែលជាគូដណ្ដឹងកាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២០ នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២២ នាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានដឹកនាំកម្លាំងសហការជាមួយស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនធ្វើការប្រគល់ទទួល​ជនសង្ស័យពីភាគីនគរបាលភូមិន្ទថៃ ដើម្បីបញ្ជូនមកអនុវត្តច្បាប់កម្ពុជា។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជនដៃដល់ដែលជាអ្នកបាញ់ប្រហារស្ដ្រីរងគ្រោះខាងលើគឺជាគូដណ្ដឹងបានបាញ់មុនពេលថ្ងៃចូលរោងការប្រមាណជាង១ខែ ពោលអ្នកទាំងពីមានគម្រោងចូលរោងការនៅខែមីនា ហើយមូលហេតុនៃការបាញ់ប្រហារនេះគេដាក់ការសង្ស័យថាផ្ដើមចេញពីរឿងប្រច័ណ្ឌ។

ស្ដ្រីជនរងគ្រោះឈ្មោះ ជុន ឌីណា អាយុ ២៦ឆ្នាំ ជានិស្សិតពេទ្យផ្នែកឡាបូ និងជាអ្នកលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញស្នាក់នៅផ្ទះកើតហេតុខាងលើ។ នារីរូបនេះត្រូវគ្រាប់កាំភ្លើងនៅត្រង់កផ្នែកខាងក្រោយ និងថ្ពាល់ខាងឆ្វេងបណ្តាលស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ៕

Turbo tech solutions
HQP